ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់ការតែងតាំងលោក Nicholas Burns ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំ ប្រទេសចិន


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ គឺអោយដឹងថា ព្រឹទ្ធសភាអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ ជាផ្លូវការហើយ លើការតែងតាំងលោក នីកូឡាស់ បឺន (Nicholas Burns) ជាឯកអគ្គរដ្ឋទូតអាមេរិក ថ្មីប្រចាំប្រទេសចិន ដើម្បីបំពេញតំណែងមួយនេះដែលនៅទំនេរអស់រយៈពេលជាងមួយឆ្នាំ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានតែងតាំងលោក Burns ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេស ចិន កាលពីខែសីហា ឆ្នាំ២០២១នេះ។ លោក Burns មាន អាយុ ៦៥ឆ្នាំ គឺជាសាស្ត្រាចារ្យផ្នែក ទំនាក់ទំនងអន្តរជាតិម្នាក់ មកពីសាកលវិទ្យាល័យ Harvard។ លោកធ្លាប់កាន់តំណែងជាមន្ត្រីជាន់ខ្ពស់ទំាងនៅក្រោម រដ្ឋបាលដឹកនាំដោយប្រធានាធិបតីមក ពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យអស់រយៈពេលជាង ២៧ឆ្នាំមកនេះ។

លោក Burns ក៏ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ច ការនយោបាយផងដែរពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ហើយ ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការ NATO ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ មុននឹងលោកចូលបម្រើការជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូត អាមេរិកប្រចាំប្រទេសក្រិក ព្រមទាំងធ្លាប់បម្រើការនៅឯក្រុមប្រឹក្សាសន្តិសុខ ជាតិសេតវិមាន នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush និងលោក Bill Clinton៕