យៈពេលជិត៣០ឆ្នាំ កម្ពុជាបានខិតខំប្រឹងប្រែងបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងរំដោះ ដីជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើនផលបានជាង២០០០គីឡូម៉្រែតក្រឡា


 (ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) និងវិទ្យាស្ថានបណ្តុះ បណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) បានចុះ ហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ នូវការអភិវឌ្ឍសមត្ថភាព ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកឧកញ៉ា វាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅ Cambodian Country Club Hotel – Phnom Penh។

ក្នុងឱកាសពិធីចុះហត្ថលេខានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជិត៣០ឆ្នាំមកនេះ និងរំដោះដីជូនប្រជាពលរដ្ឋរបស់ យើង ដើម្បីបង្កបង្កើនផលបានជាង២០០០ គីឡូម៉្រែតក្រឡា ដោយមានការចូលរួមគាំទ្រផ្ដល់ ថវិកាពី សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាតិមិត្ត និងអង្គការ សប្បុរធម៌នានា ក៏ដូចជាការចូលរួមពីវិស័យឯកជនជាច្រើន ដើម្បីធ្វើឲ្យកិច្ចប្រតិបត្ដិការលើការងារ បោសសម្អាតមីនជូនប្រជាពលរដ្ឋ រួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់ជីវភាព រស់នៅ តាមសហគមន៍។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្ដទៀតថា ជាក់ស្ដែងថ្ងៃនេះ អាជ្ញាធរមីន បានចាប់ដៃគូចុះហត្ថលេខា រួមគ្នាជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរកម្ពុជា និងផ្ដល់នូវវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញ ចំណេះដឹង ជូនដល់បងប្អូនប្រជាពលរដ្ឋ ជនដែលងាយរងគ្រោះ ពិសេសជនពិការដោយ សារមីន។ វិទ្យាស្ថាន CGTI-GMAC ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ នូវជំនាញបច្ចេកទេស និងពង្រឹងសមត្ថភាពនៅកម្ពុជា និងមិនត្រឹមតែផ្តល់ជំនាញវិជ្ជាជីវៈលើវិស័យ កាត់ដេរដល់កម្មករ-កម្មការនីប៉ុណ្ណោះទេ ថែមទាំងបានចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ ភាពជាអ្នកដឹកនាំនៅតាមស្ថាប័ន/ក្រុមហ៊ុនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងចង្វាក់ផលិតកម្ម។

ឆ្លៀតក្នុងឱកាស ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន CGTI ដែលបានផ្តល់ការគាំទ្រផ្តល់នូវវគ្គបណ្តុះបណ្តាល ចំនួន០២វគ្គ រួចមកហើយដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គលដែលមានប្រសិទ្ធភាព នាពេលកន្លងមក៕