(ព្រុចសែល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រាប់អោយដឹងថា មេដឹកនាំនៃប្រទេសបារាំង និងអាល្លឺម៉ង់នៅ ថ្ងៃពុធសប្តាហ៍នេះ បានជំរុញឲ្យមានកិច្ចសន្ទនាជាបន្ទាន់ ជាមួយនឹងប្រទេសរុស្ស៊ី ខណៈការដាក់ សម្ពាធលើទីក្រុងម៉ូស្គូ ក៏នៅតែបន្តទៅមុខផងដែរ ដើម្បីទប់ស្កាត់អ្វីដែលបណ្តាប្រទេសលោកខាង លិច មើលឃើញថា រុស្ស៊ីកំពុងត្រៀមវាយប្រហារអ៊ុយក្រែន។
តាមការគូស បញ្ជាក់ ដោយមន្ត្រីការិយាល័យប្រធានាធិបតីបារាំង គឺ ការជំរុញឲ្យមានកិច្ចសន្ទនា ជាមួយរុស្ស៊ី ត្រូវបានប្រកាសនៅក្នុងជំនួបត្រីភាគីរវាង ប្រធានាធិបតី បារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron), អធិការបតីថ្មីរបស់អាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ (Olaf Scholz) និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskiy) នៅក្នុងផ្នែកមួយនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប។ យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំទាំង ៣ ប្រទេសនេះ ក៏បានធ្វើការប្តេជ្ញាឡើងវិញ ចំពោះការស្វែងរកដំណោះស្រាយ ប្រកបដោយនិរន្តរភាព ចំពោះវិបត្តិបច្ចុប្បន្ន ដើម្បីរក្សាឲ្យបាននូវអធិបតេយ្យភាព និងបូរណភាព ទឹកដី សម្រាប់ប្រទេសអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា លោកត្រៀមខ្លួន ជានិច្ចដើម្បីបើកកិច្ចសន្ទនា និងចរចាជាមួយរុស្ស៊ី ប៉ុន្តែលោកក៏ចង់ឃើញគោលនយោបាយដាក់ ទណ្ឌកម្ម ដ៏រឹងមាំពីសំណាក់លោកខាងលិច ចំពោះរុស្ស៊ីផងដែរ ដើម្បីបញ្ចៀសការបង្កហេតុដូច នេះទៀត នៅថ្ងៃអនាគត៕