(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥»។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយខាងលើរយៈពេល៥ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែទទួលបានលទ្ធផលល្អមួយចំនួន ប៉ុន្តែលទ្ធផលមួយចំនួនទៀតនៅមានភាពយឺតយ៉ាវ ឬមិន ទាន់ស្របនឹងការរំពឹងទុកនៅឡើយ។ រយៈពេល ៥ឆ្នាំបន្ទាប់ពីការដាក់ចេញគោលនយោបាយខាង លើនេះ គឺជាដំណាក់កាលដែលកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធទាំងផ្នែករឹង និងផ្នែកទន់ ដែលមិនទាន់ផ្តល់បច្ច័យភ្លាមៗ ប៉ុន្តែនឹងផ្តល់បច្ច័យដល់ការសម្រេច គោលបំណង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា ឈរលើលទ្ធផលនៃការវាយតម្លៃខាងលើនេះ និងផលប៉ះពាល់អវិជ្ជ មាននៃជំងឺកូវី៥-១៩ ការកំណត់ទស្សនវិស័យ ឬការប្រមើលមើលទៅថ្ងៃខាងមុខ ព្រមទាំងសំណើរ អនុសាសន៍គោលនយោបាយជាក់លាក់មួយចំនួនត្រូវបានរៀបចំ និងដាក់បញ្ចូលក្នុងរបាយការណ៍ IDP-MTR ដែលជាឯកសារឆ្លុះបញ្ចាំង មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់សម្រាប់ជូនរាជរដ្ឋា ភិបាល និងអង្គពាក់ព័ន្ធ ពិនិត្យពិចារណាក្នុងការកំណត់គោលដៅថ្មី, ការតម្រង់ទិសសម្រាប់ការ អនុវត្តបន្ត, និងការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីជំរុញនិងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឱ្យឆ្លើយតបទៅនឹងការប្រែប្រួលបរិការណ៍ថ្មីៗ សំដៅចូលរួមស្តារនិងពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យល្អប្រសើរឡើងវិញតាម បរិការណ៍ប្រក្រតីភាពថ្មី។
ឯកឧត្តម ផៃ ស៊ីផាន បានឱ្យដឹងទៀតថា របកគំហើញនៃការវាយតម្លៃពាក់កណ្តាលអាណត្តិ បាន បង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការពិនិត្យឡើងវិញ អំពីភាពត្រឹមត្រូវនិងភាពពាក់ព័ន្ធនៃចក្ខុវិស័យ IDP សម្រាប់ការអនុវត្តក្នុងដំណាក់កាលបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល ភូមិសាស្ត្រសេដ្ឋ កិច្ច-សង្គម និងនយោបាយ ការប្រែប្រួលអាកាសធាតុ បដិវត្តឧស្សាហកម្មទី៤ និងរបត់នៃការផ្លាស់ ប្តូរបច្ចេកវិទ្យា និងឌីជីថល ជាពិសេសក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតី ភាពថ្មី៕