សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យកាត់ដេរ និងកម្មន្តសាល របស់កម្ពុជា បានកើនប្រមាណ ១៣ភាគរយនៅឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២០ បានធ្លាក់ចុះ រហូតដល់ (-) ២០ភាគរយ។ បើតាមសម្តេចតេជោ ហ៊ុន សែន កំណើននេះ ដោយសារមានការបង្វែរ ការបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា និងវៀតណាម មកកាន់ប្រទេសកម្ពុជា។
ថ្លែងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេច តេជោ ហ៊ុន សែន បានថ្លែងចាត់ទុកស្ថានភាពនេះថា ជាការអនុគ្រោះមួយរបស់ពិភពលោកសម្រាប់ កម្ពុជា ហើយនាំឱ្យរោងចក្រសហគ្រាសនៅកម្ពុជា បានដំណើរការពេញលេញ និងត្រូវធ្វើការពេល យប់ថែមទៀតផង។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុង រយៈពេល៩ខែឆ្នាំ២០២១ ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន ៨,២៤១.៧លានដុល្លា រអាមេរិក កើនឡើងប្រមាណ ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង ១១.៤ភាគរយ ធៀបនឹងរយៈ ពេល ៩ខែក្នុងឆ្នាំ២០២០។ របាយការណ៍បានបង្ហាញដែរថា រយៈពេល៩ខែឆ្នាំ២០២១ កម្ពុជានាំ ចូលក្រណាត់សម្រាប់ផលិតកម្មរោងចក្រកាត់ដេរមានតម្លៃប្រមាណ ៣,៥០០លានដុល្លារកើនឡើង ជាង២៥ភាគរយ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវយុទ្ធសាស្ត្រ របស់កម្ពុជាក្នុងការបើកទីផ្សារឱ្យកាន់តែទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាមិត្តក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីមានដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP។ បន្ថែមពីលើនោះក្នុងជំនួបជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ីម្សិលមិញនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៉ី និងពាណិជ្ជកម្មសេរី ជាមួយសហ ភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ធ្វើឱ្យទីផ្សារ កម្ពុជាកាន់តែទូលាយ ដោយមិនរងសម្ពាធ ឬពឹងផ្អែកតែលើតំបន់ណាមួយនោះឡើយ៕