(ភ្នំពេញ)៖ ខណៈដែលកម្ពុជា ត្រៀមធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសជាមុនទៅកាន់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីកុំឱ្យមានការបន្ទោសលើកម្ពុជា ប្រសិន បើសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មិនអាចចេញបានដូច ពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២ ដោយសម្តេចបានទម្លាយថា មូលហេតុដែលនៅពី ក្រោយការមិនអាចចេញសេចក្តីថ្លែងការណ៍ COC បានពេលនោះ គឺជាការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅ ក្រមកាត់សេចក្តីលើដែនអធិបតេយ្យសមុទ្រចិនខាងត្បូង។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាទី២ គឺបញ្ហា COC បើមិនសម្រេចបាននៅកម្ពុជាទេសុំកុំបន្ទោស កម្ពុជា ដូចឆ្នាំ២០១២។ ឆ្នាំ២០១២ បន្ទោសកម្ពុជាថា ចេញសេចក្តីថ្លែងការណ៍មិនរួច តើអ្នកទាំង ឡាយមានដឹងថាអ្វីនៅទីក្រោយការចេញមិនរួចទេ គឺមួយឱ្យទទួលស្គាល់ថា អានេះជារបស់ប្រទេស នេះ មួយទៀតឱ្យទទួលស្គាល់ថាតំបន់នោះជាតំបន់ប្រទេសនោះ»។
សម្តេចបានបន្តថា «ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តីទេ អញ្ចឹងហើយបានចេញមិនរួច ខ្ញុំសូមបញ្ជាក់ មុនពេលដែលខ្ញុំកាន់ញញួរធ្វើជាប្រធានអាស៊ាន ខ្ញុំចង់ផ្ញើសារទៅកាន់ពិភពលោក សូមឱ្យស្គាល់នូវធាតុពិតនៃបញ្ហាឆ្នាំ២០១២ ដែលចេញសេចក្តីថ្លែងការណ៍មិនបាន»។
បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំរវាង ប្រទេស មហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀត ណាម។ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំងនៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈអាស៊ាន និងមជ្ឈដ្ឋានអន្តរជាតិ បានអំពាវនាវឱ្យប្រទេសជម្លោះទាំងអស់ រក្សាភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
ជាមួយនឹងការខិតខំចូលរួមដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជាប្រធាន អាស៊ាន លើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (DOC)។ DOC គឺជាក្រមប្រតិបត្តិមួយ តាក់តែងឡើងកំណត់ឲ្យប្រទេស ដែលមានជម្លោះ ក្នុងលំហសមុទ្រចិនខាងត្បូង រួមមានប្រទេសចិន និងប្រទេសសមាជិកអាស៊ាន មានដូចជា វៀតណាម ហ្វីលីពិន សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី…ដោះស្រាយគ្នា ដោយសន្តិវិធី និង គោរពតាមច្បាប់សមុទ្រអន្តរជាតិជាដើម ខណៈប្រទេសទាំងអស់ កំពុងខិតខំជំរុញឱ្យមានសេចក្តី ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មួយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះ ហើយកាលពីឆ្នាំ២០១៧ ប្រទេសចិន និងបណ្តាប្រជាជាតិ អាស៊ីគ្នេយ៍ ក៏បាន ព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយ សម្រាប់ក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាង ត្បូងផងដែរ។ ជាមួយនឹងការចោទសំណួរថា តើប្រធានអាស៊ានមានសិទ្ធិធ្វើដែរឬទេ? ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ សម្ដេចបានផ្ញើសារនេះទៅកាន់អ្នកវិភាគនយោបាយ ដោយមិនមែនសំដៅលើអ្នកវិភាគនយោបាយនៅក្នុងប្រទេសនោះទេ គឺសំដៅទៅកាន់អ្នកវិភាគ បរទេសនៅក្នុងស្ថាប័នកាសែតធំៗនៅលើពិភពលោក ដែលពុំបានដឹងអំពីអ្វីដែលកើតឡើង នៅក្នុង ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការមិនអាចចេញសេចក្តីថ្លែងការណ៍ COC នោះ គឺមិន មែនកម្ពុជាការពារចិននោះទេ ប៉ុន្តែមកពីប្រទេសដែលដណ្ដើមអធិបតេយ្យលើសមុទ្រចិនខាងត្បូង ទាមទារឲ្យប្រធានអាស៊ាន ប្រកាសទទួលស្គាល់ថាកោះនេះជារបស់ប្រទេសនេះ ដែនសមុទ្រនេះជា របស់ប្រទេសនោះ។
សម្តេចបានបង្ហាញការប្តេជ្ញាចិត្តថា «ខ្ញុំនឹងខិតខំរួមជាមួយប្រទេសអាស៊ានផ្សេងទៀត រួមជាមួយសា ធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចចារសម្រេចនូវ COC មួយ ដែលមានប្រសិទ្ធភាពទទួល យកបាន វាក៏ជាខួបនៃការចុះហត្ថលេខាលើ DOC (សេចក្តីថ្លែងការណ៍នៃភាគីសមុទ្រចិនខាងត្បូង) ខួប២០ឆ្នាំ»។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើ COC ត្រូវបានចុះហត្ថលេខានៅក្នុង ប្រទេសកម្ពុជា ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ គឺកម្ពុជាមានភាពរីករាយខ្លាំងណាស់ ពីព្រោះ ថា DOC ក៏បានកើតនៅរាជធានីភ្នំពេញ ហើយ COC ក៏កើតនៅរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំជាថ្មីថា ប្រសិនបើ COC មិនបានចុះហត្ថលេខានៅរាជធានី ភ្នំពេញ នោះសូមកុំមកបន្ទោសកម្ពុជា ពីព្រោះមូលហេតុរបស់វា «ងាយយល់បំផុត»។ សម្ដេចបាន ចោទជាសំណួរយ៉ាងសាមញ្ញថា ចុះប្រទេសដទៃទៀតដែលបានធ្វើជាប្រធានអាស៊ានមុនកម្ពុជា ហេតុអ្វីក៏មិនអាចធ្វើបាន ចំពោះសេចក្តីសម្រេចស៊ីអូស៊ីនេះ ចុះហេតុអ្វីនៅពេលកម្ពុជាធ្វើមិនបាន ដែរម្ដេចក៏មកបន្ទោសកម្ពុជា?
«សូមកុំឲ្យកម្ពុជាធ្វើជាចៅក្រមកាត់សេចក្តី លើជម្លោះដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង គោល ជំហររបស់កម្ពុជាមិនផ្លាស់ប្ដូរទេ»។ នេះបើតាមការបន្ថែមរបស់សម្តេច។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីគោលជំហរបីចំណុចរបស់កម្ពុជាក្នុងនាមជាប្រធាន អាស៊ានចំពោះបញ្ហាសមុទ្រចិនខាងត្បូងនោះរួមមាន៖ ទីមួយ៖ គោរពអនុវត្តពេញលេញនូវ DOC។ កម្ពុជាអំពាវនាវឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវនូវ DOC, ទីពីរ៖ សូមឱ្យប្រទេសពាក់ព័ន្ធសម្រប សម្រួលគ្នា ប្រធានអាស៊ានមិនមានសិទ្ធិទៅវាស់ដីចែកជូនទេ និងទីបី៖ គឺខិតខំធ្វើឱ្យសម្រេចនៅ COC ឱ្យបាន៕