(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល ទទួលបាននៅយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះអោយដឹងថា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្ត ដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។
ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បាន អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការ ពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕