ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ ១៨០លានដុល្លារ


 (ភ្នំពេញ)៖ នៅព្រឹក ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិត កណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។

ការដាក់សម្ពោធឱ្យប្រើប្រាស់សណ្ឋាគារដែលទិញម៉ាកយីហោមកពីអាមេរិកនេះ នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ជាសណ្ឋាគារយីហោ «ហៃយ៉ាត់» ដំបូងគេនៅក្នុងរាជធានី ភ្នំពេញ ស្ថិតនៅចំតំបន់ពាណិជ្ជកម្ម និងតំបន់វប្បធម៌ក្នុងរាជធានីភ្នំពេញ ត្រូវបានវិនិយោគដោយក្រុម ហ៊ុន ជីប ម៉ុង។ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន ជីប ម៉ុង បានបោះជំហានចូលក្នុងវិស័យ សណ្ឋាគារ និងបដិសណ្ឋារកិច្ចតាមរយៈការនាំយកយីហោសណ្ឋាគារលំដាប់អន្តរជាតិ «ហៃយ៉ាត់ រីជិនស៊ី» ដ៏ល្បីរបស់សហរដ្ឋអាមេរិកមកក្នុងប្រទេសកម្ពុជា។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជា ពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុង ប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។

អ្នកឧកញ៉ា បានឱ្យដឹងថា ក្រុមហ៊ុនបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សណ្ឋា គារនាដើមឆ្នាំ២០១៧ ហើយបញ្ចប់ការសាងសង់គ្រោងអគារទាំងមូលនាពាក់កណ្តាលឆ្នាំ២០១៩។ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានបញ្ចប់ការសាងសង់ស្ថាពរ និងដំណើរការសាកល្បង នៅដើមឆ្នាំ២០២១ ដោយត្រូវបានសាងសង់លើផ្ទៃដីទំហំ ៧,០៣១ម៉ែត្រក្រឡា ស្ថិតនៅចំកណ្ដាល បេះដូងនៃរាជធានីភ្នំពេញ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយប្រើប្រាស់ថវិការវិនិយោគសរុប ចំនួន ១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់។

សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅ ជាន់ទី១០។ រីជិនស៊ី ប៊លរូម (Regency Ballroom) ជាសាលដ៏ធំទូលាយនិងទំនើបសម្រាប់រៀប ចំកម្មវិធីនិងកិច្ចប្រជុំគ្រប់ប្រភេទ។

សណ្ឋាគារក៏ផ្ដល់ជូនសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤កន្លែងផ្សេងៗគ្នា៖

* ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Coffee) ជាកន្លែងស័ក្តិសមបំផុតសម្រាប់ ការពិសាអាហារពេញមួយថ្ងៃ ឬក៏សម្រាប់ភ្ញៀវមកទទួល ទានអាហារសម្រ៉ន់និងតែពេលរសៀល
* ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (Five Five) ស្ថិតនៅជាន់ទី១៤
* ដឺអាតទីក ជារង្គសាលដែលមានរចនាបទបែបសម័យបុរាណ ស័ក្តិសមបំផុតសម្រាប់ការបន្ធូរ អារម្មណ៍តានតឹង
* និងរង្គសាលក្រោមដី មេត្រូប៉ូល ជារង្គសាលដ៏ប្រណិតក្រោមដីដំបូងគេនៅទីក្រុងភ្នំពេញ សម្រាប់ ស្វាគមន៍និងបម្រើតម្រូវការភោជនីយាហារនិងការកម្សាន្តដ៏សម្បូរបែបសម្រាប់អតិថិជនជាតិ និង អន្តរជាតិគ្រប់កាលវេលា។

បើតាម អ្នកឧកញ៉ា លាង ឃុន បានឱ្យដឹងថា «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ក៏បានចំណាយទឹកប្រាក់ ប្រហែល៥លានដុល្លារអាមេរិកដើម្បីអភិរក្សអគារបុរាណសម័យអាណានិគមបារាំងដែលបច្ចុប្បន្នក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណិតចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ។

រាជធានីភ្នំពេញ គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាអ្នកដឹកនាំដទៃទៀត មកពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យចម្រើន លូតលាស់ជាបន្តបន្ទាប់៕