សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីរាជការនៃរដ្ឋសភាទាំងអស់ ផ្ញើសារលិខិតជូនពរ ព្រមទាំងសម្ដែងនូវអំណរសាទរ ឥតឧបមា ក្នុងឱកាសចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា គម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

តាមរយៈសារលិខិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងឱកាស ប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ខ្ញុំនិងភរិយាមានសេចក្តីសោមនស្សរីករាយ សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ប្រាជ្ញា ឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យ ថ្មីៗជា បន្តបន្ទាប់បន្ថែមទៀត»

នាឱកាសដ៏ប្រពៃវិសេសថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីករាយនេះ «ខ្ញុំ និងភរិយាសូមកោតសរសើរ ដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងឈ្លាសវៃ ក្នុងការ បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុការងារមនុស្សធម៌ សមជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលបាន ធ្វើឱ្យភារកិច្ចមនុស្សធម៌ និងការដឹកនាំកាកបាទក្រហមកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ជាបន្តបន្ទាប់ បម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ»

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំង ឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរ មហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕