(ម៉ូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១បញ្ជាក់ថាទីក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយព្រមានទុកជាមុនថា រុស្ស៊ី នឹងឆ្លើយតបវិញដោយដាក់ពង្រាយ ប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។
ការព្រមាននេះត្រូវបានធ្វើឡើង ដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ចំពោះមុខហានិភ័យនៃការបង្កើនអានុភាពសព្វាវុធ ដាក់គ្នាឡើងវិញនៅទ្វីបអឺរ៉ុប ជាមួយ នឹងភាពតានតឹងរវាងលោកខាងកើត និងខាងលិច (East-West) ដែលឈានដល់ចំណុចអាក្រក់ មិនធ្លាប់មាន គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ៣ទសវត្សរ៍មកនេះ។
លោក Sergei Ryabkov ថែមទាំងបានថ្លែងទៀតថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តបញ្ចេញសកម្មភាព ប្រសិន បើប្រទេសលោកខាងលិច បដិសេធមិនចូលរួមក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ INF នៅអឺរ៉ុប ជាផ្នែកមួយ នៃកញ្ចប់ធានាផ្នែកសន្តិសុខ ដែលត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយ ក្រែនទេនោះ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការជាប់គាំងទាំងផ្នែកនយោបាយ និង ការទូត គឺមានតែជំរុញឲ្យរុស្ស៊ីឆ្លើយតបដោយមធ្យោបាយយោធា និងបច្ចេកវិទ្យាផ្នែកយោធាប៉ុណ្ណោះ។ រឿងគឺបែបនេះ… វានឹងក្លាយជាការប្រឈមមុខដាក់គ្នា… វានឹងកើតឡើងនៅដំណាក់កាលបន្ទាប់»៕