សហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនរុស្ស៊ីហ៊ានវាយប្រហារលើអ៊ុយក្រែន


 (វ៉ាស៊ីនតោន)៖  តាម សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន ព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថាលោកខាងលិចអាចនឹងដាក់ទណ្ឌកម្ម សេដ្ឋកិ ច្ចយ៉ាងធ្ងន់ធ្ងរ ប្រសិនបើកងទ័ពរុស្ស៊ីដែលកំពុងប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន បើកការវាយប្រហារណាមួយ។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូដ៏តានតឹងជាមួយលោក ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ដូច្នេះ ថា «លោកប្រធានាធិបតី បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់អាមេរិក និងសម្ព័ន្ធមិត្ត អឺរ៉ុបរបស់យើង ចំពោះសកម្មភាពកងទ័ពរុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន ហើយបានបញ្ជាក់ យ៉ាង ច្បាស់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់ យើងនឹងធ្វើការឆ្លើយតបតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការដទៃទៀត នៅក្នុងករណីជម្លោះយោធាណាមួយផ្ទុះឡើង»

បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរពីការគាំទ្រដល់អធិបតេយ្យ ភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយ អំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងតាម រយៈយន្ដការការទូត៕