(ភ្នំពេញ)៖ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវរៀបចំពិធីថ្វាយព្រះភ្លើង នៅថ្ងៃ ពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ។
ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះ រាជទានព្រះភ្លើងក្នុងការបូជាព្រះសព។
ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គយាងចូលរួមផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ឥស្សរជននយោបាយជា ច្រើនរូបទៀត ក៏អញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើង ក៏ដូចជាការថ្វាយព្រះដំណើរសម្តេចក្រុមព្រះទៅ កាន់បរលោក។
តាមកម្មវិធីដែលបានគ្រោងទុកពីថ្វាយព្រះភ្លើងនេះមានការយាងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ (សម្តេចព្រះអភិធម្ម ២ព្រះអង្គ), និមន្ដសម្តេច ព្រះសង្ឃមាតិកា ៨ព្រះអង្គ និងនិមន្តព្រះសង្ឃ ចំនួន៦៧ព្រះអង្គ ទៀត សរុប ៧៧ព្រះអង្គ ព្រះសង្ឃមហានិកាយ ៣៨ព្រះអង្គ ព្រះសង្ឃធម្មយុត្តិ កនិកាយ ៣៩ព្រះអង្គស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)។
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ ក៏ជាថ្ងៃដែលរាជរដ្ឋាភិបាល កំណត់ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូ ទាំងប្រទេសផងដែរ ដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គ ចំពោះស្នាព្រះហស្ថផ្សេងដែល ព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។
ពិធីកាន់ព្រះមរណទុក្ខនេះ រាជរដ្ឋាភិបាល បានកំណត់ឱ្យបង្ហូតទង់ជាតិត្រឹមកណ្តាលដង នៅតាម ស្ថាប័នរដ្ឋ និងឯកជន។
ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹប កម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ៕