(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១បានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានជួបពិភាក្សាគ្នាពីចម្ងាយ ជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសម្ពន្ធមិត្តនៅអឺរ៉ុប ជុំវិញការប្រមូលផ្តុំកម្លាំងយោធារបស់រុស្ស៉ី នៅតាមព្រំប្រទល់ជាប់អ៊ុយក្រែន ហើយក៏បានគូសបញ្ជាក់ឡើងវិញនូវ ការគាំទ្រយ៉ាងមុតមាំរបស់ ពួកគេ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែនផងដែរ។
សេតវិមានអាមេរិកបានសេចក្តីថ្លែងការណ៍ អំពីជំនួបពិភាក្សាខាងលើយ៉ាងដូច្នេះថា «ក្រុមមេដឹកនាំ បានលើកឡើងនូវក្តីបារម្ភរួមរបស់ពួកគេ ស្តីពីការប្រមូលផ្តុំកម្លាំងយោធារុស្ស៉ី នៅតាមបណ្តោយ ព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន ព្រមទាំងការប្រើវោហារសាស្ដ្រកាន់តែធ្ងន់ឡើងៗពី ដោយទីក្រុងម៉ូ ស្គូ។ មេដឹកនាំអាមេរិក-អឺរ៉ុប បានអំពាវនាវឲ្យរុស្ស៉ីបន្ធូរស្ថានការណ៍ ហើយបានឯកភាពគ្នាថា ការទូត គឺជាច្រកផ្លូវតែមួយគត់ ដើម្បីឆ្ពោះទៅដោះស្រាយបញ្ហាវិវាទ នៅតំបន់ដុនបាស់ (Donbas) តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ (Minsk)»។
មេដឹកនាំអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ រួមមានដូចជា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង, អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជេឡា មឺគែល, នាយករដ្ឋមន្រ្តីអ៉ីតាលី លោក ម៉ារីអូ ដ្រាហ្គី, នាយករដ្ឋមន្រ្តីចក្រអង់គ្លេស លោក បូរីស ចនសុន៕