(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សា ទេសាភិបាលស៊ាសិនលើកទី៤១ និងសន្និសីទថ្នាក់ទេសាភិបាល និងសិក្ខាសាលាជាន់ខ្ពស់ស៊ា សិនលើកទី៥៧។ កិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលស៊ាសិន ជាកិច្ចប្រជុំថ្នាក់តំបន់ដ៏សំខាន់មួយ ដែលមានគោលបំណងពិនិត្យពីលទ្ធផលកាងារ ដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបានក្នុងឆ្នាំ ២០២១នេះ និងដាក់ចេញនូវគោលនយោបាយនាឆ្នាំ២០២២ ដើម្បីពង្រឹងការបណ្តុះបណ្តាលសមត្ថ ភាពជំនាញ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅពង្រឹងប្រសិទ្ធភាពការងារ របស់ធនាគារ កណ្តាលជាសមាជិក។
ឯកឧត្តម ទេសាភិបាល បានចូលរួមអនុម័តលើកម្មវិធីបណ្តុះបណ្តាលស៊ាសិន សម្រាប់ឆ្នាំ២០២២ ថវិកាសម្រាប់ដំណើរការមជ្ឈមណ្ឌលស៊ាសិន ផែនការយុទ្ធសាស្ត្រលើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ ទំនង (ICT) សម្រាប់ឆ្នាំ២០២២-២០០២៣ ការវាយតម្លៃលើលទ្ធផលការងារមជ្ឈមណ្ឌលស៊ាសិន និងការងារផ្សេងៗទៀត។
ឯកឧត្តម ជា ចាន់តូ បានថ្លែងអបអរសាទរ ចំពោះលទ្ធផលដែលមជ្ឈមណ្ឌលស៊ាសិនសម្រេចបាន នៅឆ្នាំ២០២១នេះ ជាពិសេសការបន្តរក្សាគុណភាព នៃការបណ្តុះបណ្តាល និងស្រាវជ្រាវ ទោះបី ជាស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ក៏ដោយ។
ឯកឧត្តម ទេសាភិបាលបានលើកឡើងពី ការបន្តផ្តល់ការបណ្តុះបណ្តាល តាមរយៈប្រព័ន្ធអនឡាញ ដោយបានស្នើឱ្យ មានការបង្កើនរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់ ជាលំដាប់នៅពេលដែល ស្ថានភាពនៃជំងឺកូវីដ១៩ មានការធូរស្បើយហើយធនាគារជាតិនៃកម្ពុជា ស្វាគមន៍សហការរៀបចំវគ្គ បណ្តុះបណ្តាលមួយចំនួន របស់មជ្ឈមណ្ឌលស៊ាសិននៅឆ្នាំ២០២២ខាងមុខ៕