រដ្ឋមន្ត្រី ថោង ខុន បានអោយដឹងថា ចុងសប្ដាហ៍ទី១ខែធ្នូ ទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ជាង១៨ម៉ឺននាក់


 (ភ្នំពេញ)៖ តាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អោយដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួល​បានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង ៥,៣០៨ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់
រាជធានីភ្នំពេញ ២៩,៧៩២ នាក់
ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
ខេត្តកំពត ១៧,៧៩៦ នាក់
ខេត្តសៀមរាប ១៦,១៦០ នាក់
ខេត្តបាត់ដំបង ៨,៤១៣ នាក់
ខេត្តកែប ៦,៥៦៧ នាក់
ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា តួលេខខាងលើ មានការកើនឡើងប្រមាណ ៤.៦៥% ធៀបនឹងចុង សប្តាហ៍កន្លងមក។ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ ជាកត្តាមួយជំរុញចរន្តភ្ញៀវទេសចរផ្ទៃក្នុងទូទាំង ប្រទេស បើទោះបីពុំមានថ្ងៃឈប់សម្រាកបុណ្យជាតិនានាក៏ដោយ។

សភាពការណ៍ជារួមពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសច រណ៍ បានខិតខំបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ពិសេសសម្រាប់សេវា កម្សាន្ត ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក៕