(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters គឺកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,១២៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ខណៈកំពុងប្រយុទ្ធតស៊ូទប់ស្កាត់ការកើនឡើងជាថ្មីនូវ ករណីឆ្លង ជាពិសេសអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ នៅចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron។
រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមនេះ បានសម្រេចចិត្តផ្អាកផែនការបន្ធូរបន្ថយការរឹតត្បិត ប្រឆាំង COVID-19 ដោយសារបារម្ភវីរុសបំប្លែងថ្មី Omicron និងការ កើនឡើងចំនួនករណីអ្នកជំងឺ ធ្លាក់ខ្លួនឈឺធ្ងន់ ដោយមន្ទីរពេទ្យជាច្រើនកំពុងព្យាបាលអ្នកជំងឺក្នុងបន្ទប់សង្រ្គោះបន្ទាន់រហូតដល់ ៧២៣នាក់ ធៀបទៅនឹង៤០០នាក់ កាលពីដើមខែវិច្ឆិកានេះ។
ភាគច្រើននៃអ្នកជំងឺមានរោគសញ្ញាធ្ងន់ធ្ងរទាំងនេះ មានច្រើនជាង ៨៤ភាគរយគឺជាក្រុមមនុស្ស មានអាយុ ៦០ឆ្នាំឡើងទៅ ហើយអ្នកជំនាញអះអាងថានេះគឺដោយសារតែ ការថយចុះកម្រិតអង់ ទីករ បង្កើតឡើងដោយវ៉ាក់សាំង ដូច្នេះហើយទើបមនុស្សមានវ័យចំណាស់ប្រញាប់ចាក់ដូសជំរុញ៕