(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ចុះ សួរសុខទុក្ខ ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ ខ្លួនឲ្យបានលឿន និងទាន់ពេលវេលា ពោលត្រូវរៀបចំឡើង កុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈអាកាសធាតុបានកំពុងចុះត្រជាក់បណ្តើរៗហើយ។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន សមាជិក សមាជិកា សមាគមមនុស្សចាស់ ដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។
សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្ខ្វះខាត នៅក្នុងខណ្ឌដង្កោ ដែលទទួល អំណោយនេះ មានចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចបានណែនាំឲ្យអាជ្ញា ធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុ នឹងចុះត្រជាក់។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ថ្ងៃនេះរដ្ឋបាល រាជធានីភ្នំពេញ បាននាំនូវអំណោយមកចែកជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា នៅរាជធានីភ្នំពេញ បានកសាងសមាគមមនុស្សចាស់ បានទាំង ១០៥សង្កាត់ ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្សចាស់ នៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូន តារបស់យើង ក៏បានបន្សល់ទុក ដោយឲ្យយើង ត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ៕