ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង រយៈពេល៣ថ្ងៃ នៅដើមខែក្រោយ


 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលទទួលបាន គឺ ឯកឧត្តម ឧបនាយករដ្ឋ មន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូ​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ការអញ្ជើញទៅទៅបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងមានជំនួប ទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ នៅលើវិស័យផ្សេងៗ រួមមានវិស័យការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។

ក្រសួងការបរទេស បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃ គូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគីសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ៕