លោក ចូ បៃដិន ណែនាំគ្រប់គ្នាកុំឲ្យតក់ស្លុតចំពោះ Omicron និងប្តេជ្ញាថាមិន lockdown អាមេរិកជាថ្មីឡើយ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន REUTERS នាព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១បញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន បានណែនាំប្រជាជនអាមេរិក ទាំងអស់ កុំឲ្យមាន ភាពតក់ស្លុតចំពោះវីរុសបំប្លែងថ្មី Omicron នោះឲ្យសោះ ខណៈសហរដ្ឋអា មេរិកកំពុង តាម ដានស្ថានការណ៍នេះនៅឡើយ ហើយនឹងអាចពិភាក្សាជាមួយក្រុមហ៊ុនផលិត ឱសថនានា ថាតើគួរមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់វីរុសនេះ ដែរឬក៏យ៉ាងណា។

លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា «វីរុសបំប្លែងថ្មីនេះ គឺជាអ្វីមួយដែលបង្កក្តីព្រួយបារម្ភ តែមិនមែនបង្កភាពតក់ស្លុតនោះឡើយ។ យើងកំពុងរៀបចំប្រយុទ្ធ និងយកឈ្នះវីរុសបំប្លែងថ្មីនេះ»

អង្គការសុខភាពពិភពលោក (WHO) ក៏បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះ ផងដែរថា Omicron កើតចេញពីការបំប្លែងខ្លួនច្រើនលើក ដែលយើងពុំធ្លាប់បានឃើញកន្លងមកចំពោះវីរុស ហើយប្រាកដ ណាស់វាអាចមានសក្តានុពល បង្កឲ្យសោកនាដកម្មនៃជំងឺរាតត្បាតសកល COVID-19 កាន់តែរីក ធំឡើង។ WHO បានសង្កត់ធ្ងន់ជាចុងក្រោយថា «ហានិភ័យជាសកលពាក់ព័ន្ធនឹង Omicron គឺពិតជាខ្ពស់ណាស់»