(ពោធិ៍សាត់)៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទ ល្មើស នៃការកាប់ព្រៃលិចទឹក និងការទន្ទ្រានដីតំបន់បី ជុំវិញបឹងទន្លេសាប (តំបន់៣) ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ ព័ន្ធកងកម្លាំងប្រដាប់អាវុធទាំង៣និងអាជ្ញាមូលដ្ឋានដែលជាប់នឹងផ្ទៃទឹកបឹងទន្លេសាបជាច្រើនរូបផ្សេងទៀត។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាល ខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភា កម្ពុជាដែលដឹក នាំដោយបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហា កាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹក យ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់៕