នាយករដ្ឋមន្រ្តីឡាវថា កម្ពុជាមានការរីកចម្រើនខ្លាំង ពិសេសរាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់ យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលយ៉ាងច្រើន


 (ភ្នំពេញ)៖ លោកផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ បានសម្តែងកាតកោតសតសើរថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានការ រីកចម្រើនជាខ្លាំង ពិសេសរាជធានីភ្នំពេញ ដោយបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយ សមិទ្ធផលយ៉ាងច្រើន។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ ដែល បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។

លោក ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួប សវនការជាមួយគណៈប្រតិភូ។ លោកបានលើកឡើងថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញ បានឃើញថាកម្ពុជាមានការរីកចម្រើនជាខ្លាំងរាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើនដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋសភា។

លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែល បានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំង ដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ច នាពេលពេលនេះ កម្ពុជាបានផ្តល់ជំនួយថវិកា១៣លានដុល្លារ ដែល៣លានដុល្លារថវិការាជរដ្ឋា ភិបាលនិង១០លានដុល្លារបានពីវិស័យឯកជន និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស រថយន្ត ពីរគ្រឿងថែមទៀត ជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

លោក ផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្មនិងទ ទួលបាន ជោគជ័យជាបន្តបន្ទាប់ ក្នុងវេទិកាអន្តរជាតិ ដូចជារៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិយ៉ាងធំធេង។

លោកប្រធានគណៈប្រតិភូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកមកកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងបងប្អូនរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ទំាងការងារសង្គម ពាណិជ្ជកម្មពិសេសរដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាប់ព្រំដែន សន្តិភាព អភិវឌ្ឍន៍និងបងប្អូន។ លោកនាយករដ្ឋមន្រ្តីក៏បានពាំនាំការគោរពអញ្ជើញរបស់ លោកប្រធានរដ្ឋសភាឡាវ ជូនសម្តេចដឹក នាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយ ផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញ ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាន នាពេលកន្លងមកទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹង មាំ និងរីកចម្រើនទ្វេរដងថែមទៀត។

សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននិង កំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាល កូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការ ជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ។

សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិ បត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកា អន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។

ឆ្លើយតបចំពោះការគោរពអញ្ជើញរបស់លោកប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបាន សន្យាថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕