អ៊ីតាលី និងបារាំង ពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈការចាកចេញរបស់លោកស្រី Merkel កំពុងធ្វើ តេស្ដនយោបាយការទូតអឺរ៉ុប


 (រ៉ូម)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថាមេដឹកនាំនៃប្រទេសអ៊ីតាលី និងបារាំង នឹងត្រូវចុះហត្ថលេខាលើសន្ធិសញ្ញា មួយនៅថ្ងៃសុក្រ នេះ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី នៅចំពេលនយោបាយការទូត អឺរ៉ុប កំពុងត្រូវបានធ្វើ តេស្ដតាមរយៈការចាកចេញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។

សន្ធិសញ្ញាខាងលើដែលមានឈ្មោះថា គីរីណាល់ (Quirinale Treaty) មានគោលដៅពង្រឹងកិច្ច សហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងទីក្រុងរ៉ូម នៅលើវិស័យជាច្រើន ក្នុងនោះរួមមានការពារជាតិ, អន្តោប្រវេសន៍, សេដ្ឋកិច្ច, វប្បធម៌ និងពាណិជ្ជកម្មជាដើម។ ពិធីចុះហត្ថលេខាកើតមានឡើងត្រឹមរយៈពេលខ្លី បន្ទាប់ពីកិច្ចព្រមព្រៀងបង្កើត រដ្ឋាភិបាលចម្រុះនៅ ក្នុងប្រទេសអាល្លឺម៉ង់ ទទួលបានការឯកភាព ដែលនេះនឹងបិទបញ្ចប់ការកាន់តំណែងជាអធិការ បតីអាល្លឺម៉ង់លោកស្រី Angela Merkel ដែលត្រូវបាន គេចាត់ទុកថាជាមេដឹកនាំដ៏ខ្លាំងម្នាក់អាច រក្សាបាននូវសាមគ្គីរបស់សហភាពអឺរ៉ុប៕