រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រាយការណ៍អំពីលទ្ធផលវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ជូនដល់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣


 (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល សង្ខេបនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជូនដល់អង្គប្រជុំ។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបអង្គប្រជុំថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ បានរៀប ចំឡើងស្របតាមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃភាពជាដៃគូអាស៊ី-អឺរ៉ុប កិច្ចសហប្រតិបត្តិការសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់ តំបន់ និងសកល ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។ បន្ថែមពីនេះ វេទិកាក៏បានពិភាក្សាលើ បញ្ហាសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នារួមមានប្រព័ន្ធពហុភាគីនិយមរបស់អង្គការពាណិជ្ជកម្មពិភពលោក អនុភាវូនីកម្មភាពជាដៃគូអាស៊ី-អឺរ៉ុបសម្រាប់ច្រវាក់តម្លៃសកល ការសម្របខ្លួនទៅនឹង បដិវត្តឧស្សាហកម្ម៤.០ សហគ្រិនភាពសម្រាប់យុវជននិងស្រ្តី និងការទូតសេដ្ឋកិច្ចរវាងអាស៊ី-អឺរ៉ុប សំដៅឈានទៅបរិយាប័ន្ន និងនិរន្តរភាពនៃកំណើន សម្រាប់តំបន់ទាំងពីរ។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តថា ប្រទេសមកពីអាស៊ី-អឺរ៉ុប បានកត់សម្គាល់នូវតួនាទីនៃ ពហុភាគីនិយម ផ្សារភ្ជាប់នឹងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី-ពហុភាគី ដែលជា កត្តាគន្លឹះក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកំណើន។ កម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុង តំបន់អាស៊ី បាននិងកំពុងខិតខំប្រែក្លាយខ្លួន ឱ្យទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគមួយកាន់ តែសំខាន់ និងមានសក្ដានុពលនៅក្នុងតំបន់ ហើយមានទីផ្សារនាំចេញកាន់តែធំ ប្រកបដោយភាព ប្រកួតប្រជែងសម្រាប់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីតំបន់អ៊ឺរ៉ុប ។

នៅចុងបញ្ចប់នៃរបាយការណ៍ លោករដ្ឋមន្ត្រីបានជម្រាបជូនថា កម្ពុជាមានកិត្តិយសក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃវេទិកាដ៏មានសារៈសំខាន់នេះ ហើយក៏បានសម្តែងសេចក្ដីដឹងគុណ និងការគោរពដ៏ ជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំ ក៏ដូចជាអ្នកពាក់ ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានរួមចំណែកធ្វើឱ្យវេទិកានេះទទួលបាននូវ លទ្ធផលជាផ្លែផ្កា៕