(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវសិដ្ឋិនិយមថា លទ្ធផល កើតចេញពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាធាតុ ចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី១ នាថ្ងៃទី២៥ ខែវិច្ឆិកា ម្សិលមិញនេះ សម្តេចតេ ជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បានគូសរំលេច ថា អង្គប្រជុំ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ សម្តេចតេជោបន្ថែមថា ពិតណាស់ការគោរពគ្នាទៅវិញទៅមក ការ យោគយល់គ្នាទៅវិញទៅមកនិងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នៅផ្លូវសម្រាប់ពហុភាគី និយម។ បើតាមសម្តេចតេជោ ហ៊ុន សែន អង្គប្រជុំបានប្តេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទី របស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលតំបន់ទាំងពីរកាន់តែត្រូវ ការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
ក្នុងប្រសាសន៍បិទអង្គប្រជុំនោះ សម្តេចតេជោ ក៏បានគូសរំលេចផងដែរ ពីការលើកឡើងរបស់អង្គ ប្រជុំពីបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋ កិច្ច-សង្គមមិនធ្លាប់មានពីមុនមក។
សម្តេចតេជោ បានគូសបញ្ជាក់ទៅកាន់មេដឹកនាំកំពូលអាស៊ី-អឺរ៉ុបថា ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងអស់នេះ អង្គប្រជុំបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញ វ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបន្តសង្កត់ធ្ងន់ថា ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាព រួមរបស់អាស៊ី និងអឺរ៉ុប។ ក្នុងន័យនេះ អង្គប្រជុំបានសម្តែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជ កម្មផ្អែកលើវិធានច្បាប់ និងប្តេជ្ញាការពារខ្សែច្រវាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជា ជំរុញនូវឌីជីថលូបនីយកម្មនិងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។
បើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុ ន សែន អង្គប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី១ ម្សិលមិញនេះ មេដឹកនាំអាស៊ី-អឺរ៉ុប ភាគច្រើនក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិត កាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកម្តៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។
ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ បានទាញចំណាប់អារម្មណ៍អង្គប្រជុំថា ការផ្ដល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍ ត្រូវតែជាអាទិភាពមួយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អង្គប្រជុំ ក៏បានឯកភាពគ្នាថា រយៈពេល ២៥ឆ្នាំ កន្លងទៅនេះ បានផ្តល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុនមានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕