អភិបាលខេត្តកំពង់ធំ ប្ដេជ្ញា៧ចំណុចចំពោះកាកបាទក្រហមកម្ពុជា និងប្រជាជន


 (កំពង់ធំ)៖ ក្រោមការតាំងចិត្តយ៉ាងមុតមាំ ឯកឧត្តម ងួន រតនៈ ក្នុងពេលត្រូវបានប្រកាសតែង តាំងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំថ្មីនោះ បានឡើងប្ដេជ្ញាចិត្ត៧ ចំណុចចំពោះកាកបាទក្រហមកម្ពុជា និងប្រជាជននៅខេត្តកំពង់ធំ។

ការប្ដេជ្ញាទាំង៧ចំណុចនោះ រួមមាន៖

១៖ ឯកឧត្តម នឹងប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍ ចន្ទក្រហម មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

២៖ ឯកឧត្តមនឹងខិតខំយកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ។

៣៖ ឯកឧត្តម នឹងរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយ គណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

៤៖ ឯកឧត្តម នឹងខិតខំដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាម យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា។

៥៖ ឯកឧត្តមនឹងខិតខំយកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាព អប់រំសុខភាពសហគមន៍។

៦៖ ឯកឧត្តម នឹងខិតខំយកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សាជាគំរូក្នុងការងារមនុស្សធម៌ គ្រឹះស្ថានសិក្សា និងសង្គម។

៧៖ ឯកឧត្តម នឹងខិតខំបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ សា្ថប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំង ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ជន ងាយរងគ្រោះ។

សូមបញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់ឯកឧត្តម ងួន រតនៈ ខាងលើនេះ ធ្វើឡើងក្នុងឱកាសសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ធំរៀបចំពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អាណត្តិទី៥ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូល រួមពីអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត សមាជិក-សមាជិកា នាយក-នាយរង និងមន្ត្រី ប្រតិបត្តិសាខា ប្រធាន-អនុប្រធានគណៈកម្មាធិការ អនុសាខាក្រុង-ស្រុក ចូលរួមតាមរយៈប្រព័ន្ធ Video Zoom។

ជាមួយគ្នានោះ លោកជំទាវ ពុំ ចន្ទីនី បានផ្ដាំផ្ញើដល់ ឯកឧត្តម ងួន រតនៈ ត្រូវបន្តការដឹកនាំការងារ មនុស្សធម៌ ការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរកសប្បុរសជន ពិនិត្យមើលសមាសភាពបុគ្គលិក សាខា ពង្រឹងសមាភាពក្នុងការបំពេញកាងារមនុស្សធម៌កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ចំណុច នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត ភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព៕