ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារ សិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស


 (កំពង់ចាម)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានបើកវគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស» នៅស្រុកកោះសុទិន ខេត្តកំពង់ចាម។

ពិធីបើកវគ្គនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីលោក ប៉ុក ចាន់ថូ អភិបាលរងស្រុកកោះសុទិន លោក គង់ សូភណារ៉ា ទីប្រឹក្សាក្រសួង ស.អ.យ, លោកស្រី ព្រុំ សុខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ, លោក អ៊ុន វុទ្ធី ប្រធានកម្មវិធីគម្រោងកម្មវិធីអូស្រ្តាលី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំកម្ពុជា។

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូប ភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំងហើយឧក្រិដ្ឋកម្ម នេះបានជះឥទ្ធិពលជាអវិជ្ជមាន ដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានា សំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញ ដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភព លោក។

ឯកឧត្តម បានបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអណត្តិ ពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារ យ៉ាងសកម្ម និងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងកិច្ច ការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។

ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំ ពើជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវា គាំទ្រសម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។

ឯកឧត្តម បានបន្ថែមថា បន្ទាប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញ នូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញ ដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់ អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារ សង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍក្នុងការការពារ និងគាំទ្រដល់ ជនរងគ្រោះប្រកបដោយសុវត្ថិភាពនិងជាពិសេសធានាបាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមាន លទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ដោយជោគជ័យជាស្ថាពរទទួលបានការ ឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេសសេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស» ត្រូវបានរៀបចំឡើងមានចំនួន២វគ្គ នៅក្នុងស្រុកកងមាស និងស្រុក កោះសូទិន ខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់អ្នកផ្តល់ សេវាថ្នាក់មូលដ្ឋានដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឲ្យទាន់ពេលវេលានៅក្នុងភូមិ ខ្លួនរបស់ខ្លួន៕