បុរសស្បែកស ៣នាក់ ជាប់ទោសឧក្រិដ្ឋសម្លាប់បុរសស្បែកខ្មៅម្នាក់ ខណៈលោក បៃដិនថាត្រូវប្រឹងប្រែងបន្ថែមដើម្បីប្រយុទ្ធប្រឆាំងការរើសអើង ពូជសាសន៍


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១អោយដឹងថា បុរសអាមេរិកស្បែកស៣នាក់ ត្រូវបានតុលាការនៅក្នុង សហរដ្ឋអាមេរិក រកឃើញថាបានប្រព្រឹត្តអំពើមនុស្សឃាត ដោយបាញ់សម្លាប់បុរសជាពលរដ្ឋ អាមេរិក ដើមកំណើតអាហ្វ្រិកម្នាក់ឈ្មោះ អះម៉ាអ៊ូត អាបឺរី (Ahmaud Arbery) នៅក្នុងរដ្ឋ Georgia។

ជនជាប់ចោទឈ្មោះ ត្រាវីស ម៉ាកម៉ៃឃើល (Travis McMichael) ដែលជាអ្នកបាញ់សម្លាប់ Ahmaud Arbery រួមទាំងឪពុករបសលោកគឺលោក ហ្រ្គេហ្គូរី ម៉ាកម៉ៃឃើល (Gregory McMichael) និងអ្នកជិតខាងម្នាក់របស់អ្នកទាំង២នេះឈ្មោះ វីលៀម រ៉ូដឌី ប្រាយអែន (William “Roddie” Bryan) ត្រូវបានចៅក្រមអាមេរិកចោទប្រកាន់ ពីបទមនុស្សឃាតជាច្រើនករណី។

តាមរយៈការរកឃើញពីទោសឧក្រិដ្ឋនេះ, ជនជាប់ចោទទាំងបីនាក់អាចនឹងប្រឈមមុខនឹងទោស ជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ការបាញ់សម្លាប់ Ahmaud Arbery ដែលមានអាយុ២៥ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។ ការប្រកាសរបស់ចៅក្រមទទួលបានការសាទរយ៉ាងខ្លាំងពីក្រុមមនុស្សដែល នៅក្រៅតុលាការ ហើយ សម្បីតែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសាទរផងដែរ ប៉ុន្តែលោកបញ្ជាក់ ថានៅមានការងារជាច្រើនទៀតដែលត្រូវប្រឹងប្រែងធ្វើ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរើសអើងពូជ សាសន៍ក្នុងសហរដ្ឋអាមេរិក៕