(ប៉េកាំង)៖ លោក Ren Hongbin អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឱ្យដឹង នៅថ្ងៃពុធនេះថា នៅមានក្តីបារម្ភយ៉ាងច្រើនសម្រាប់ពាណិជ្ជកម្មបរទេស ជាពិសេសសម្រាប់ក្រុម ហ៊ុននាំចេញតូចៗដែលកំពុងជួបបញ្ហា ហើយប្រទេសចិននឹងដាក់ចេញវិធានការជុំថ្មីមួយ ដើម្បីរក្សា ស្ថិរភាពពាណិជ្ជកម្មបរទេសនៅពេលដល់ពេលសមស្រប។នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក Ren បានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំង ដោយលោក លើកឡើងថាសហគ្រានធុនតូចនិងធុនមធ្យមជាពិសេសសហគ្រាសពាក់ព័ន្ធនឹងពាណិជ្ជកម្មបរទេសនៅតែទទួលរងសម្ពាធខ្លាំង ឧទាហរណ៍ សហគ្រាសជាច្រើនមិនអាចទទួលយកការបញ្ជាទិញ ថ្មីៗបាន ឬកំពុងមើលឃើញពីកំណើនប្រាក់ចំណូលកាន់តែខ្ពស់ តែប្រាក់ចំណេញមិនកើនឡើងតាម ប្រាក់ចំណូលនោះទេ ដោយសារកំណើនតម្លៃវត្ថុធាតុដើម។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថាការនាំចេញរបស់ប្រទេសចិនបានកើនឡើងខ្ពស់ជាងការរំពឹងទុកជាច្រើនដងនៅឆ្នាំនេះដោយសារតម្រូវការនៅបរទេសខ្ពស់ ដែលជួយឱ្យជំរុញដល់កំណើន សេដ្ឋកិច្ច។
ទោះជាយ៉ាងណា កំណើនតម្លៃវត្ថុធាតុដើមបានបង្កើនសម្ពាធចំណាយលើក្រុមហ៊ុនទាំងនោះ។ អតិផរណាផលិតកម្មរបស់ក្រុមហ៊ុន ដែលជាការវាស់វែងតម្លៃទំនិញដែលផលិតចេញពីរោងចក្រ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៦ឆ្នាំ នៅខែតុលា។
លោក Ren បានបន្ថែមថា ប្រទេសចិននឹងពង្រឹងតួនាទីនៃការធានាឥណទាននាំចេញ និងលទ្ធ ភាពរបស់សហគ្រាស ដើម្បីដោះស្រាយហានិភ័យអត្រាប្តូរប្រាក់៕