ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថា កូវីដ១៩ មិនបានធ្វើឱ្យអាក់ខាន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធឡើយ, គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ៥ទៀត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់


(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ ដឹងថា ការរាតត្បាតនៃជំងឺកូវីដ១៩នៅកម្ពុជា រយៈពេលជិត២ឆ្នាំមកនេះ មិនបានធ្វើឱ្យប៉ះពាល់ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជានោះឡើយ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ឬហៅថា «ស្ពាន ភ្ជាប់និស្ស័យ» នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គ្រប់គម្រោងដែលបានដំណើរការ និងបានសិក្សារួចរាល់ មិនបានពន្យារ ឬលុប ចោលទៅវិញនោះឡើយ។

បើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ទៀត គ្រោងនឹង សម្ពោធជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា។

គម្រោងទាំងនោះរួមមាន៖ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១តភ្ជាប់ពីអ្នកលឿង ទៅផ្លូវជាតិ លេខ៧, សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភណ្ឌ, សម្ពោធផ្លូវជាតិ លេខ៧ ពីក្រចេះ ទៅស្ទឹងត្រែង, សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ (ស្ពាន២ ស្ថិតនៅលើផ្លូវ លេខ១១ , ស្ពាន៥ លើផ្លូវជាតិលេខ៧៣) និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា ក្រៅតែពីគម្រោងដែលនឹងដាក់ សម្ពោធនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏កំពុងបន្តសាងសង់ និងកំពុងសិក្សាដើម្បី សាងសង់ផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានឆ្លៀតបញ្ជាក់ដែរថា រាល់គម្រោង ហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយចិ ន មិនមានគម្រោងណាមួយត្រូវបានពន្យារនោះទេ បើទោះ បីចិនជួបការលំបាក ដោយជំងឺកូវីដ១៩ក៏ដោយចុះ៕