សហភាពអឺរ៉ុប មានផែនការដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលជួយរត់ពន្ធ ជនអន្តោប្រវេសន៍

(ព្រុចសែល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រាប់អោយដឹងថា គណៈកម្មការអឺរ៉ុបបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំង នឹងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការជួយសម្រួលដល់ ការរត់ពន្ធ ជនអន្តោប្រវេសន៍ចូលមកក្នុងសហភាពអឺរ៉ុប កាត់តាមប្រទេសបេឡារុស។

លោកស្រី អួរស៊ូឡា ហ្វុន ឌឺ ឡេយិន (Ursula von der Leyen) ជាប្រធានគណៈកម្មការអឺរ៉ុប ធ្វើការអំពាវនាវបែបនេះនៅក្នុងសុន្ទរកថាមួយទៅកាន់សភាអឺរ៉ុប នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោកស្រីបន្ថែមថាវិធានការដាក់ទណ្ឌកម្មខាងលើនឹងដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនដឹក ជញ្ជូនណា ដែលមានពាក់ព័ន្ធនឹងការរត់ពន្ធ ជនអន្តោប្រវេសន៍ចូលក្នុងដែនអាកាស, ផ្លូវគោក, កំពង់ផែ ឬដែនដីសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា ប្រសិនបើវិធានការដាក់ទណ្ឌកម្មនេះ ត្រូវបានអនុម័តពិតមែន នោះវាអាចនឹងក្លាយ ជាការដាក់សម្ពាធបន្ថែមលើប្រទេសបេឡារុស ឱ្យចូលរួមចំណែក បន្ធូរបន្ថយវិបតិ្តជនអន្តោប្រវេសន៍ នៅតាមតំបន់ព្រំដែននៃប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលមានព្រំដែនជាប់បេឡារុស ដូច ជាឡេតូនី, លីទុយអានី និងប៉ូឡូញ ជាដើម៕