សម្តេចតេជោ ហ៊ុន សែន អោយដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើនឡើងក្នុងរង្វង់៣% ក្រោយបើក ប្រទេសឡើងវិញ ខណៈឆ្នាំក្រោយអាចលើស ៥%


ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ ក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ នៅ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចនឹងមានការកើនឡើងក្នុងរង្វង់៣ ភាគរយ ក្រោយកម្ពុជាបើកប្រទេសឡើងវិញ ខណៈនៅឆ្នាំក្រោយ អាចសម្រេចលើស៥ ភាគរយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្យាករណ៍ថា កំណើនសេដ្ឋកិច្ចចុងឆ្នាំនេះ នឹងអាចលើសការ ដែលយើងដាក់នៅក្នុងផែនការ […] យើងដាក់ថា កំណើនសេដ្ឋកិច្ច ឆ្នាំ២០២១នេះ ២,៤ភាគរយ ប៉ុន្ដែមានអង្គការមួយ មកវាយតម្លៃបានទៅដល់២,៨ភាគរយ ហើយខ្ញុំគិតថា បើសិនជា កំណើនសេដ្ឋកិច្ច២ខែ ចុងឆ្នាំនេះល្អ គឺកំណើនរបស់យើង អាចឈានឆ្ពោះទៅរក ជុំវិញ៣ភាគរយ»

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា នៅឆ្នាំ២០២២ខាងមុខនេះ សម្ដេចមាន សង្ឃឹមថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចហក់ឡើងលើស៥ភាគរយ ក្រោយកម្ពុជា បើកប្រទេស​ឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងបែបនេះថា «ឆ្នាំក្រោយយើងដាក់កំណើនសេដ្ឋ កិច្ច ត្រឹមតែ៤,២ភាគរយ ក៏ប៉ុន្ដែខ្ញុំមានសង្ឃឹមថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចហក់ឡើងលើស៥ភាគ រយ ដែលអង្គការមួយនោះ មកវាយតម្លៃថា នឹងបានទៅដល់៦,៨ភាគរយ ក៏ប៉ុន្ដែខ្ញុំគ្រាន់តែថា អាច លើស៥ភាគរយ ប៉ុណ្ណឹងទៅចុះ»

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយម ជាមួយនឹងកំណើនសេដ្ឋកិច្ចបែបនេះ ដោយសារកំណើន នៃការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែលនឹងចូល ជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេស​ចិន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញក្នុងវិស័យកសិកម្ម ក្នុងឆ្នាំនេះ មានទំហំទឹក​ប្រាក់លើសឆ្នាំមុន និងលើសផែនការ បើទោះជាកម្ពុជាប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ក៏ដោយ ខណៈ ដែលកម្ពុជានឹងចរចានាំចេញដោយត្រង់នូវកសិផលជាកញ្ចប់ ជាមួយប្រទេសចិននាពេលខាងមុន នេះ។

ចំណែកវិស័យឧស្សាហកម្មវិញ បើទោះបីជាកម្មករ មានការព្យួរការងារខ្លះក៏ដោយ ក៏នៅមានការ វិនិយោគទៅលើរោងចក្រមួយចំនួន ដែលធ្វើឲ្យទំនិញរបស់កម្ពុជា នាំចេញទៅក្រៅប្រទេសមាន ទំហំធំ ខណៈដែលវិស័យសេវាកម្ម ដែលរងផលប៉ះពាល់ខ្លាំង នឹងចាប់ផ្តើមងើបឡើងវិញជាបណ្តើរ។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន៕