កម្ពុជា-ចិន អនុស្សរណៈយោគយល់គ្នា ជំរុញការធ្វើពាណិជ្ជកម្មរយៈពេលវែង


 (ភ្នំពេញ)៖  តាមសេក្តីប្រកាសព័ត៌មាន របស់ ក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព របស់សាធា រណរដ្ឋប្រជាមានិតចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) លើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការ រយៈពេល​វែង សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ ការចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិល មិញនេះ ដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ូ ហ្សឹងតឺ នាយក ក្រុមសម្ព័ន្ធ ត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី សំណាក់មន្ត្រី ជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម សមាជិកCCIC តំណាង CCIC ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារក្រប ខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការ រយៈពេលវែងសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មរវាង កម្ពុជា និងចិន»

អនុស្សរណៈនេះមានគោលដៅធានានូវគុណភាព សុវត្ថិភាពផលិតផលនាំចេញ-នាំចូល និងបង្កើត យន្តការសម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង សេដ្ឋកិច្ច រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និង ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឱ្យបានកាន់តែប្រសើរ និងបម្រើឱ្យផល ប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ ៕