(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់ អន្តរជាតិមួយ នៅទីតាំងផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្រោមគម្រោងចំណាយ ៨០លានដុល្លារ ដែល ជាថវិកាកម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រតិភូក្រុមហ៊ុនកូរ៉េ ដែលបានចុះមកប្រទេសកម្ពុជា ដើម្បីសិក្សាក្នុងការរៀបចំសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យដ៏ធំនេះ ត្រូវបាន ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នាល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រោយបញ្ចប់ជំនួបនេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គម្រោងសាងសង់នេះបានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានទីតាំង នៅផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្នុងទំហំ ដីជាង២ហិកតា ដែលគ្រោងនឹងសាងសង់ក្នុងទឹកប្រាក់៨០លានដុល្លារ ក្នុងនោះមានថវិកា៦៦លាន ដុល្លារជាប្រាក់កម្ចីធនាគារបស់កូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១៤លានដុល្លារ។
លោកជំទាវបានបញ្ជាក់ថា ដោយបូករួមទាំងការសិក្សា និងពិនិត្យមើលទីតាំងផងនោះ មន្ទីរពេទ្យនេះ អាចសាងសង់ក្នុងចន្លោះ២ទៅ៤ឆ្នាំ។
លោកជំទាវ បានបញ្ជាក់ថា មន្ទីរពេទ្យសកលវិទ្យាល័យ គឺជាសកលវិទ្យាល័យដែលធំជាងគេនៅ ប្រទេសកម្ពុជាហើយជាការផ្ដល់នៅអនុភាពខ្ពស់ពីក្រសួងសុខាភិបាលពីសំណាក់របស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុភាពដល់ក្រសួងសុខាភិបាល ខណៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានទទួលជោគជ័យ និងព្យាបាលជូនប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់ សេវា។
លោកជំទាវ បានបន្តថា មន្ទីរពេទ្យសកលវិទ្យាល័យនេះ អាចផ្ដល់កន្លែងសិក្សាដល់និស្សិត ដែល បានបញ្ជប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ ដើម្បីធ្វើការអនុវត្ដសិក្សា ហើយនឹងមានគ្រូពេទ្យ ជំនាញៗ និងសាស្រ្ដចារ្យដែលទើបបញ្ជប់ការសិក្សានៅបរទេស ក៏ដូចជាភាគី ដែលនៅក្នុងទេស អាស៊ានមកចូលរួមផងដែរ៕