អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹកអំពីវិធានការមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋអនុវត្តដើម្បីការពារខ្លួនពីជំងឺផ្លូវដង្ហើម និងជំងឺកូវីដ១៩ នៅក្នុងរដូវត្រជាក់អំឡុងខែធ្នូ ខាងមុខនេះ។
ការក្រើនរំលឹកនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដី ប្រកាសថា កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារបាតុភូតឡានីណា La Nina (ត្រជាក់)។
តាមសារសំឡេងដែល ទទួលបាន លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា តាមបទពិសោធន៍ពី ប្រទេសនានា ក៏ដូចជាការបញ្ជាក់របស់អង្គការសុខភាពពិភពលោកដែរនោះ គឺគេតែងតែជួបប្រទះ ជាញឹកញាប់នូវអ្នកជំងឺផ្លូវដង្ហើមដែលអ្នកជំងឺនេះមិនសមប្រកបនឹងអាកាសធាតុត្រជាក់ទេ ហើយការ ត្រជាក់នេះក៏អាចនាំឱ្យមានការចម្លងជំងឺកូវីដ១៩ ជាដើម។
លោកជំទាវ បានបង្ហាញពីវិធានការសាមញៗ ដល់ជនងាយរងគ្រោះដោយជំងឺចុះត្រជាក់នេះ ដែល ក្នុងនោះមានទារក កុមារតូចៗ និងជនចាស់ជរាជាដើម
⁃ ស្លៀកពាក់ឱ្យបានឱ្យបានកក់ក្តៅ
ដើម្បីរក្សាកម្តៅនៅក្នុងខ្លួន។ ប្រសិនបើមានរោគសញ្ញា ពិបាក ដកដង្ហើម ក្អក ឈឺក
ហៀរសំបោរ ឬសង្ស័យថាមានកូវីដ១៩ ប្រជាពលរដ្ឋគួរទៅពិគ្រោះយោបល់ នៅតាមមន្ទីរពេទ្យនានាដែលនៅជិតផ្ទះ
⁃ ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្ននឹងការធ្វើដំណើរប្រសិនបើដឹងថាសុខភាពរបស់ខ្លួនមិនល្អ
⁃ សូមកុំប្រើប្រាស់ឱសថពពួកថ្នាំផ្សះ
ដោយមិនមានការពិគ្រោះពីគ្រូពេទ្យ
⁃ អំពាវនាវឱ្យអ្នកដែលក្អក
ឬកណ្តាស ត្រូវខ្ទប់មាត់ ដើម្បីកុំឱ្យឆ្លងទៅអ្នកដទៃ
⁃ សូូមលាងសម្អាតដៃជាមួយអាល់កុល
ឬជែល ហើយយចៀសវាងប៉ះពាល់ផ្ទៃមុខ មាត់ ច្រមុះ
⁃ ត្រូវចេះការពារខ្លួនដោយពាក់ម៉ាស់ឱ្យបានជាប់ជានិច្ច
⁃ សម្រាប់ទារក
កុមារ និងមនុស្សចាស់ កុំទុកពួកគាត់ឱ្យស្ថិតនៅបន្ទប់ត្រជាក់ពេក ហើយនៅពេល អាកាសធាតុត្រជាក់ទៀតនោះ
នឹងមិនមានផលល្អសម្រាប់ពួកគាត់ទេ ជាពិសេសប្រើសំលៀកបំពាក់ ក្រាស់ ភួយក្រាស់ៗ
ដែលមនុុស្សវ័យចំណាស់គឺងាយនឹងបាត់បង់កំដៅនៅក្នុងខ្លួន
⁃ សូមពិសារទឹកក្តៅអ៊ុនៗឱ្យបានញឹកញាប់។
លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលដ្ឋប្រុងប្រយ័ត្នចំពោះការចម្លងជំងឺកូវីដ១៩ បន្តទៀត ទោះបី ជាកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញក៏ដោយ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការផ្ទុះឡើងវិញ នូវការចម្លងជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់អស់ពីកម្ពុជានៅឡើយទេ៕