ទិន្នផលធ្យូងថ្មរបស់ប្រទេសចិននៅខែតុលា កើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៥

 (ប៉េកាំង)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា ទិន្នផលធ្យូងថ្មរបស់ប្រទេសចិន នៅ ខែតុលា បានកើនឡើងដល់កម្រិតខ្ពស់បំផុតគិត ចាប់ពីខែមីនា ឆ្នាំ២០១៥ មក បន្ទាប់ពីទីក្រុងប៉េ កាំងបានអនុម័តឱ្យមានការពង្រីកអណ្តូងរ៉ែធ្យូងថ្ម ដើម្បីទម្លាប់តម្លៃដែលមានកម្រិតខ្ពស់បំផុត និង បង្កើនការផ្គត់ផ្គង់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមការិយាល័យស្ថិតជាតិចិន ប្រទេសផលិត និងប្រើប្រាស់ធ្យូងថ្មធំបំផុតក្នុងពិភពលោកមួយនេះ ផលិតធ្យូងថ្មបានចំនួន ៣៥៧,០៩លានតោន កាលពីខែមុន កើនឡើងពី ៣៣៤,១លានតោននៅខែកញ្ញា។

ទិន្នផលធ្យូងថ្មដែលផលិតបានក្នុងរយៈពេល ១០ខែដំបូងក្នុងឆ្នាំនេះមានចំនួន ៣,៣ប៊ីលានតោន កើនឡើង ៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ (NDRC) របស់ប្រទេសចិនបានឱ្យដឹងកាលពីខែមុនថា គិតចាប់ពីខែកក្កដាមក ប្រទេសចិនបានអនុម័តការពង្រីកអណ្តូងរ៉ែធ្យូងថ្មជាង ១៥៣ទីតាំង ដែល អាចមានសមត្ថភាពបន្ថែមទិន្នផលបាន ៥៥លានតោននៅត្រីមាសទី៤។

រដ្ឋាភិបាលចិន ដែលកំពុងព្យាយាមបញ្ចប់កង្វះថាមពលអគ្គិសនីផងដែរ ក៏បានហាមឃាត់រដ្ឋបាល ថ្នាក់មូលដ្ឋានឱ្យបិទអណ្តូងរ៉ែធ្យូងថ្មដែលគ្មានអាជ្ញាប័ណ្ណ និងបានជំរុញឱ្យមានការចាប់ផ្តើមដំណើរ ការឡើងវិញភ្លាមៗនូវអណ្តូងរ៉ែដាលបានបិទកន្លងមក នៅពេលដែលអណ្តូងរ៉ែទាំងនោះបានកែខៃ បញ្ហារួចហើយនោះ។

NDRC ដែលជាស្ថាប័នរៀបចំផែនការជាន់ខ្ពស់របស់ចិនបានឱ្យដឹងនៅសប្តាហ៍មុនថា ផលិតកម្ម ធ្យូងថ្មប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១២,០៥លានតោន បន្ទាប់ពីធ្លាក់ចុះនៅ សប្តាហ៍កន្លងមកជាង ១លានតោន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថាតម្លៃធ្យូងថ្មនៅទីផ្សារទិញលក់ភ្លាមៗបានធ្លាក់ចុះប្រហែលពាក់កណ្តាលពីតម្លៃកាលពីមួយខែមុន ដោយទិញលក់ក្នុងតម្លៃ ១៥៦,៧ដុល្លារក្នុងមួយតោន នៅកំពង់ផែភាគខាងជើងប្រទេសចិនដោយសារមានវិធានការអន្តរគមន៍ជាច្រើនដែលដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង៕