(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញរៀបចំស្ថាបនា «វិមានឯករាជ្យ» ដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍ ៩ វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃ កំណើតនៃកងយោធពលខេមរភូមិន្ទ ហើយក៏ដើម្បីទុកជាសម្បត្តិវប្បធម៌ ជាទីទេសចរណ៍កម្សាន្ត និងជាមរតកប្រវត្តិសាស្រ្តប្រចាំខេត្តផងដែរ។
នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញចុះមើលទីតាំង ជាក់ស្ដែង ដើម្បីត្រៀមសាងសង់វិមានឯករាជ្យនោះ ដោយលោកបានជ្រើសរើសយកទីតាំងសាង សង់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ខណៈពេលចុះពិនិត្យទីតាំងសម្រាប់សាងសង់វិមានឯករាជ្យនោះ ឯកឧត្តម បានឱ្យដឹងថា ការរៀបចំ សាងសង់វិមានឯករាជ្យនេះ អាជ្ញាធរខេត្តមានបំណងទុកជាសម្បត្តិវប្បធម៌ ទេសចរណ៍ គឺសំដៅទៅ លើទីក្រុងស្អាត និងប្រវត្តិសាស្រ្ត សំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាស្នា ព្រះហស្ដរបស់ព្រះរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ ដែលព្រះអង្គបានដណ្ដើមឯករាជ្យបានពី អាណានិគមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បើតាមលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានបញ្ជាក់ថា ទីតាំងដែលលោកអភិបាលខេត្ត សម្រេចសាងសង់វិមានឯករាជ្យគឺនៅចំណុចផ្លូវកៅស៊ូមាត់ច្រកចូលទៅសាលាគរុកោសល្យខេត្តកំពង់ចាម ដោយចំណុចនេះ ឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធសាងសង់ ពង្រីកផ្លូវជាតិឱ្យបានធំទូលាយ ចាប់ពីចំណុចនាគព័ន្ធ រហូតមកដល់ទន្លេអុំ ដើម្បីបង្កើនសោភ័ណ ភាព ឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ប្រជាពលរដ្ឋមកកម្សាន្ត។
លោក ចាន់ ផល្លី បានបញ្ជាក់ទៀតថា វិមានឯករាជ្យនេះ ឯកឧត្តម អភិបាលខេត្តតម្រូវឲ្យជាងសាង សង់រួចរាល់នៅមុនថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ ២០២២៕