ឋ
(កណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសន្យាចំពោះប្រជាពលរដ្ឋថា នឹងចាត់ការលើករណីឡានដឹកខ្សាច់ ដែលធ្វើឱ្យផ្លូវប្រវែងប្រមាណ១ពាន់ម៉ែត្រខូចខាតស្ទើរទាំង ស្រុង ស្ថិតនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បន្ទាប់ពីមានការត្អូញត្អែររបស់ប្រជា ពលរដ្ឋ និងស្នើឱ្យលោកដោះស្រាយលើករណីនេះផង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ផ្លូវលំភូមិលេខ១ក សង្កាត់ស្វាយរលំនេះ គឺជាផ្លូវលំមួយប្រើ ប្រាស់ដោយប្រជាពលរដ្ឋច្រើនរយនាក់ក្នុងមូលដ្ឋាន និងមិនដែលមានការខូចខាតខ្ទេចខ្ទាំខ្លាំងទេ បើទោះបីជាផ្លូវនោះបានរងនឹងការលិចម្តងម្កាលដោយសារជំនន់ទឹកភ្លៀងក៏ដោយ។ ពួកគាត់តែងរៃអង្គាសគ្នាដើម្បីចាក់ដី និងក្រួសតាមលទ្ធភាព ដើម្បីធ្វើឲ្យផ្លូវដែលប្រើប្រាស់សម្រាប់ប ម្រើជីវភាពចាំបាច់រៀងរាល់ថ្ងៃមិនឲ្យស្ទះពេលវេលាឡើយ។ ប៉ុន្តែផ្លូវលំលេខក១ ប្រវែងប្រមាណ១ ពាន់ម៉ែត្រ ក្រោយការចាប់ដឹកដីដោយក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ធ្វើអាជីវកម្មរបស់ខ្លួន ឆ្លងកាត់ លើផ្លូវនោះច្រើនសប្តាហ៍កន្លងមកនេះ ការរកស៊ីចិញ្ចឹមជីវិត និងការធ្វើដំណើរបស់មន្ត្រីរាជការដែល រស់នៅតាមដងផ្លូវនោះបានជួបប្រទះការលំបាកជាខ្លាំង។
ផ្លូវត្រូវក្រុមហ៊ុនដឹកខ្សាច់ និងថ្មបើកកិនកម្ទេច បើទោះបីជាមានការចាក់ដី និងកម្ទេចថ្មខ្លះក៏ដោយ។ អ្នកភូមិបានរាយការណ៍ថា តំណាងក្រុមហ៊ុន ព្រោះតែដើម្បីបានដឹកដីយកទៅចាក់បំពេញស្រះនៅ តំបន់ក្បែរនោះ បានធ្វើលិខិតមួយជាមួយប្រធានភូមិ ដោយសន្យាថា បើសិនការដឹកខ្សាច់លើផ្លូវនោះ ខូច គេនឹងជួលជុលបន្ថែម ប៉ុន្តែក្រុមហ៊ុនបានអនុវត្តតិចតួចណាស់មិនដូចតាមការសន្យានោះឡើយ បើទោះបីមានមានការចាក់ដីខ្សាច់ និងកម្ទេចថ្មខ្លះលើផ្លូវនោះក៏ដោយ។
ទន្ទឹមនឹងការលើកឡើងនេះដែរ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កណ្ដាល បានថ្លែងប្រាប់ឱ្យដឹងថា លោកនឹងពិនិត្យលើករណីនេះ ហើយស្នើឲ្យពលរដ្ឋដាក់លិខិត អន្តរាគមន៍ចូលមកមន្ទីរ ដើម្បីលោកនឹងកោះហៅខាងភាគីក្រុមឡាន និងអ្នកពាក់ព័ន្ធមកសាកសួរ និងដើម្បីបញ្ជាឲ្យកសាងផ្លូវឲ្យពលរដ្ឋឡើងវិញ។
ទោះយ៉ាងណា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខាងក្រុមហ៊ុនខ្សាច់ពុំទាន់អាចទាក់ទង បាននៅឡើយទេ។
ឯកឧត្តម អភិបាលខេត្ត គង់ សោភ័ណ្ឌ បានសន្យាចំពោះប្រជាពលរដ្ឋថានឹងដោះស្រាយលើករណី ឡានដឹកខ្សាច់នេះជូនប្រជាពលរដ្ឋមូលដ្ឋាន៕