ជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក បានមកដល់ ប្រទេសកម្ពុជាហើយ ខណៈរាជរដ្ឋាភិបាលត្រៀមទីតាំងដើម្បី ឱ្យពួកគេស្នាក់នៅបណ្តោះអាសន្ន


 (ភ្នំពេញ)៖ ជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន១៥នាក់ ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី របស់អាមេរិក និងក្រុមគ្រួសារ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ខណៈមួយចំនួនទៀតនឹងមកជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាល កំពុងត្រៀមអគារសម្រាប់ ការស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេ មុននឹងទៅកាន់ប្រទេសទី៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាក្រុមការងារចំពោះកិច្ច ដើម្បីទទួល យកពលរដ្ឋអាហ្វហ្គានីស្ថានប្រាប់នៅព្រឹកថ្ងៃពុធនេះ។

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោម គោលការណ៍ មនុស្សធម៌ ដោយ យោងទៅតាមការ សម្រេច របស់ រដ្ឋាភិបាល កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់ កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញ សេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅ បណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជា ប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធាន អចិន្ត្រៃយ៍។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីចុះសហការជា មួយបុគ្គលិកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា (The Asia Foundation) នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះ ពិនិត្យទីតាំងខុនដូរ (Axis Residences) សម្រាប់ស្នាក់នៅរយៈពេលវែងរបស់បុគ្គលិកអង្គការមូលនិធិអាស៊ី (The Asia Foundation) ដែល ជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារ ចំនួនប្រហែល៤០ ទៅ៥០បន្ទប់ ដែលមានទីតាំងស្ថិត នៅផ្លូវឌួងងៀប៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ចម្ងាយប្រមាណ ១០០០ម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

ក្រោយចុះពិនិត្យទីតាំងជួលខាងលើ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖ -ផ្ទៃក្រឡាសរុប ២ហិកតា មាន០៨អគារ ក្នុងនោះមាន៦៤០បន្ទប់ -ក្នុងមួយអគារមាន ០៩ជាន់ ក្នុងមួយជាន់មាន ចាប់ពី ០៨ ទៅ១២បន្ទប់ តាមទំហំអគារ -ជាន់នីមួយៗ មានបន្ទប់០៣ប្រភេទ៖ ១-បន្ទប់គ្រែមួយ ទំហំ ៦០ម៉ែត្រការេ ២-បន្ទប់គ្រែពីរ ទំហំ ៨០ម៉ែត្រការេ, ៣-បន្ទប់ Studio ទំហំ ៤៥ម៉ែត្រការ៉េ -មានសន្តិសុខយាម២៤ម៉ោង នៅតាមច្រកទ្វារចេញ-ចូលខាងមុខ និងច្រកទ្វារចេញ-ចូលតាម អាគារនីមួយៗ។

ដោយពិនិត្យឃើញថាអាគារខុនដូរខាងលើមានច្រើនយូនីត(Unit)ដែលអាចឱ្យពលរដ្ឋអាហ្គានីស្ថានទាំងនោះស្នាក់នៅប្រមូលផ្ដុំតែមួយកន្លែងបាន ងាយស្រួលក្នុងការការពារសន្តិសុខ សុវត្ថិភាពរបស់ ពួកគេ ហើយស្ថិតនៅជិតព្រលានយន្តហោះផងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើបានសុំ គោលការណ៍ពីសម្តេចក្រឡារហាមអនុញាតឱ្យអង្គការមូលនិធិអាស៊ីជួលទីតាំងខាងលើសម្រាប់ប្រើប្រាស់អោយពលរដ្ឋអាហ្វហ្កានីស្ថានទាំងនោះ ស្នាក់នៅបណ្តោះអាសន្នរហូតដល់ពួកគេចាក ចេញទៅប្រទេសទី៣៕