(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានថ្លែងថា ក្នុងឆ្នាំ២០២១នេះ ក្រុមហ៊ុនចំនួន៣ បានចុះកិច្ចសន្យាទិញ-លក់ ស្រូវសរីរាង្គ ពីសហគមន៍ចំនួន៣៥ ក្នុងខេត្តព្រះវិហារ ក្នុងបរិមាណស្រូវសរុបចំនួន១៩,៨៥១,០៥១គីឡូក្រាម ក្នុងនោះប្រភេទស្រូវក្រអូបចំនួន១១,៧១១,៥៥៦គីឡូក្រាម ស្រូវសរ៦,៧៥៣,១៩០គីឡូក្រាម និងស្រូវផ្កាម្លិះក្រហម១,៣៨៦,៣០៥គីឡូក្រាម ដែលមានសមាជិកផលិតសរុប ៤៨១០គ្រួសារ លើផ្ទៃដី១៧,៦១៩ហិចតា។ លោកថា បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ គឺមានចំនួនប្រហាក់ប្រហែលគ្នាទាំងបរិមាណស្រូវ និងតម្លៃ។
ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុនចំនួន៣ ដែលបានចុះកិច្ចសន្យាទិញ-លក់ ស្រូវសរីរាង្គពីសហគមន៍ទាំង៣៥ ក្នុងខេត្តព្រះ វិហារ រួមមាន៖ ក្រុមហ៊ុន អេម រុរ៉ាយ (AMRU RICE) ទិញស្រូវក្នុងបរិមាណ ១៧,០១៧,០៥១ គីឡូក្រាម ក្រុមហ៊ុនសុិកនេឈ័រអហ្វអេស៊ា (SIGNATURES OF ASIA) ទិញស្រូវក្នុងបរិមាណ ១,៣២៥,៨០០គីឡូក្រាម និងក្រុមហ៊ុនហ្គោលដិនរ៉ាយ (GOLDEN RICE) ទិញស្រូវក្នុងបរិមាណ ១,៥០៨,២០០គីឡូក្រាម»។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា តម្លៃស្រូវទទួលបានដល់ដៃប្រជាសហគមន៍ គឺប្រែប្រួលទៅតាមប្រភេទស្រូវ និងគុណភាពស្រូវផងដែរ។
លោកថា ប្រភេទស្រូវក្រអូបសើម (ផ្ការំដួល) តម្លៃចាប់ពី ១,០៩០រៀលដល់១,៣៨០រៀល ក្នុង១ គីឡូក្រាម ប្រភេទស្រូវសរសើម (នាងអុក នាងអំ) តម្លៃចាប់ពី ៩៦០រៀល ដល់ ១,១០០រៀល ក្នុង១គីឡូក្រាម និងប្រភេទស្រូវម្លិះក្រហមស្ងួត តម្លៃ ១,៣០០រៀលដល់១,៣៨០រៀល ក្នុង១គីឡូ ក្រាមផងដែរ។
លោក ពឹង ទ្រីដា បានថ្លែងថា ដោយក្តីមោទនភាពបំផុត ចំពោះអ្វីដែលប្រជាកសិករទទួលបាននៅ ពេលនេះស្របពេលនឹងប្រទេសជាតិក៏ដូចជាបណ្តាលប្រទេសនៅលើពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅគឺប្រហាក់ប្រហែលគ្នា ទាំងបរិមាណស្រូវចុះកិច្ច សន្យាទិញ-លក់ និងបរិមាណតម្លៃស្រូវផងដែរ។
លោកថាចាប់ពីសប្តាហ៍ទី១ នៃខែវិច្ឆិកានេះ ប្រជាសហគមន៍ក្នុងខេត្តព្រះវិហារ កំពុងសប្បាយ ចិត្តនឹងមមាញឹកក្នុងការប្រមូលផលស្រូវលក់ជូនក្រុមហ៊ុនដោយអនុវត្តន៍តាមកិច្ចសន្យា៕