រដ្ឋបាលខេត្តកោះកុង ជូនដំណឹងពីការត្រៀមបើកដំណើរការអាជីវកម្មខារ៉ាអូខេ, ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ឡើងវិញក្រោយថ្ងៃទី៣០ ខែវិច្ឆិកា


 (កោះកុង)៖  យោងតាមសេចក្ដីជូនដំណឹងដែល ទទួលបាន គឺបានអោយដឹងថា រដ្ឋបាលខេត្តកោះ កុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបើកដំណើរ ការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបបម្សាន្ត រង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋបាលខេត្តក៏បានដាក់ចេញនូវប្រកាសស្ដីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិ វិធីប្រតិបត្តិស្តង់ដារ អប្បបរមា (sop) សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជី វកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាត។

បន្ថែមពីនេះទៀតរដ្ឋបាលខេត្ដ បានធ្វើការណែនាំ២ដំណាក់កាលដូចខាងក្រោម៖

*ទី១៖ ដំណាក់កាលទី១ (ការតបលក្ខណៈមុនការបើកដំណើការឡើងវិញ)

*ត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិសម្បទា និងការអនុវត្ត របស់អាជីវកម្មមុននឹងសម្រេចអនុញ្ញាតឱ្យអាជីវកម្មណាមួយបើកដំណើរការ (ដោយត្រូវជូនដំណឹង ដល់ប្រតិបត្តិករជាមុន ដើម្បីឱ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្មខារ៉ាអូខ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក)។

*ត្រូវបណ្តុះបណ្ដាលឱ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកនូវវិធានសុវត្ថិភាព ទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតក។

*ទី២៖ ដំណាក់កាលទី២ (ក្រោយការសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ)

*រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំយន្តការដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឱ្យបានហ្មត់ចត់ លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SCP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក ក្រោយពេលសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

*ក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្តុតែក រដ្ឋបាលក្រុង-ស្រុក ត្រូវចាត់វិធានការនានាបន្ថែមដោយតម្រូវឱ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកោះកុង៖