ប្រទេសឡាវសម្រេចអនុវត្តវិធានការរឹតត្បិតបន្តទៀត ចំពោះមុខការឆ្លងរាតត្បាតកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ


 (វៀងច័ន្ទ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់ប្រាប់អោយដឹងថា ឆ្លើយតបនឹងកំណើននៃករណីឆ្លងជំងឺ COVID-19 ដែលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយនោះ រដ្ឋាភិបាលឡាវបានសម្រេចឲ្យបន្តអនុវត្ត វិធាន ការរឹតត្បិតទូទាំងប្រទេសទៅមុខទៀត រហូតដល់មានការជូនដំណឹងឡើងវិញ។

អនុប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ លោក ធីបផាកន ចន្ថាវង្សា (Thipphakone Chanthavongsa) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅរដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះថា ការសម្រេចចិត្តដូចខាងលើនេះ ក៏ព្រោះតែប្រទេសឡាវបាននិងកំពុងមើលឃើញ ករណីឆ្លងរាតត្បាតជំងឺ COVID-19 នៅតែបន្តកើនឡើងតាមបណ្តាខេត្តនានា ជាពិសេសគឺរដ្ឋធានី វៀងច័ន្ទ។ លោក ធីបផាកន បានបន្តទៀតថា ករណីឆ្លងភាគច្រើនត្រូវបានអាជ្ញាធរកត់ត្រា ពីតំបន់ ដែលមានប្រជាជនរស់នៅច្រើន ដោយសារតែការចូលរួមពិធីជួបជុំនានាក្នុងសង្គម, ការិយាល័យ, អង្គការ និងនៅក្នុងក្រុមគ្រួសារដែលមានសមាជិកច្រើនជាដើម។ ដោយឡែកច្រកព្រំដែននានារបស់ឡាវក៏នៅតែបន្តបិទ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ ខណៈការ ជួបប្រជុំ និងសន្និសីទនានា ដែលមានការប្រមូលផ្តុំមនុស្សចាប់ពី ៥០នាក់ឡើងទៅត្រូវបានហាម ឃាត់ បូករួមទាំងពិធីបុណ្យសាសនា និងសកម្មភាពផ្សេងៗទៀត៕