(ប៉េកាំង)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងលើកយកបញ្ហាកោះតៃវ៉ាន់ធ្វើជាអាទិភាព នៅក្នុងជំនួបលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ ជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីព្រមានទីក្រុងវ៉ាស៊ីនតោន ឲ្យដកខ្លួនចេញពីបញ្ហានេះ វិញ។ លោក ស៊ី ជិនពីង និងលោក ចូ បៃដិន នឹងជួបមុខគ្នាតាមប្រព័ន្ធវីដេអូជាលើកដំបូង នៅព្រឹក ថ្ងៃអង្គារស្អែកនេះហើយ (ពេលវេលានៅប៉េកាំង, ត្រូវនឹងល្ងាចថ្ងៃចន្ទ ពេលវេលានៅវ៉ាស៊ីនតោន) ខណៈសារព័ត៌មាននានានៅអាមេរិកបានចេញផ្សាយថា បញ្ហាវិវាទពាណិជ្ជកម្ម, បច្ចេកវិទ្យា, តំបន់ ស៊ីនជាំង និងជាពិសេសគឺកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទក្តៅគគុក ដែលភាគីទាំងពីរនឹងត្រូវ លើកទៅជជែកដេញដោលគ្នា។
ដោយឡែក, យោងតាមការចុះផ្សាយរបស់កាសែតចិន China Daily ជាភាសាអង់គ្លេស បាន បញ្ចេញការសន្និដ្ឋានមួយនៅថ្ងៃចន្ទនេះថា លោក ស៊ី ជិនពីង ទំនងជានឹងបញ្ជាក់គោលជំហរដ៏ ច្បាស់លាស់របស់ទីក្រុងប៉េកាំង នៅក្នុងការធ្វើឲ្យចេតនាបង្រួបបង្រួមជាតិ (ជាមួយកោះតៃវ៉ាន់) សម្រេចបានជោគជ័យ នៅអនាគតដ៏ខ្លីខាងមុខនេះ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ៕