កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍


 (ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសកូរ៉េឱ្យមកទស្សនាកម្ពុជា ខណៈកម្ពុជាក៏ត្រៀមបើកទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របើកទទួលទេសចរចាក់វ៉ាក់សាំង និងដើម្បី ពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយលោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធា រណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញ ដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាព ស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយ ការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល កម្ពុជាបានប្រកាសបើកទេសចរណ៍ផ្ទៃក្នុង ដោយមានការអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដែលដាក់ចុះដោយ ក្រសួងទេសចរណ៍ បន្ថែមលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍ កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការយុទ្ធសាស្ត្រដទៃទៀតដែលមានស្រាប់ ដើម្បីឈានទៅការបើកប្រទេសទាំងមូលប្រកបដោយសុវត្ថិភាព។ លទ្ធផលនៃការបើកទេសចរណ៍ ផ្ទៃក្នុងគឺជាការដកបទពិសោធន៍ក្នុងការបើកទទួលទេសចរអន្តរជាតិពេញលេញនាពេលខាងមុខ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយ សៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២០ រួចនឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និង ទូទាំងប្រទេសជាបន្តបន្ទាប់។

ការកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាក ឃឿងយ៉ុង បានគាំទ្រនូវគំនិតផ្តួចផ្តើមលើការបើកទេស ចរណ៍អន្តរជាតិចាក់វ៉ាក់សាំងពេញលេញ និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ កូរ៉េមកទស្សនាកម្ពុជាបន្ថែមទៀតដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោមយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ចុះតាមគោលដៅសុវត្ថិភាព ជាពិសេសនៅតាមតំបន់ទេសចរណ៍បែបធម្មជាតិ និងខេត្តសៀមរាបដែលប្រជាជនកូរ៉េចូលចិត្តមកទស្សនា។

លោក ផាក ឃឿងយ៉ុង បានកោតសរសើរដល់ការរៀបចំរបស់ក្រសួងទេសចរណ៍ ជាពិសេសលើ ផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិ កូវីដ-១៩ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត មណ្ឌលគិរី យុទ្ធសាស្ត្របើកទេសចរណ៍ចាក់វ៉ាក់សាំង វិធានគោលនយោបាយទេសចរណ៍ផ្ទៃក្នុង ដោយចាត់ទុកផែនការយុទ្ធសាស្ត្រខាងលើជាមូលដ្ឋានគន្លឹះ ដែលនឹងចូលរួមជំរុញទេសចរណ៍ កូរ៉េមកកាន់កម្ពុជាកាន់តែច្រើននាពេលខាងមុខ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យ ទេសចរណ៍។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានគាំទ្រជំរុញសហការលើគំនិតផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ដែលជាការអបអរសាទរខួបលើកទី២៥ នៃចំណងការទូតកម្ពុជា-កូរ៉េ ដើម្បីទាក់ទាញ ទេសចរ និងវិនិយោគកូរ៉េមកកម្ពុជា។ លោកក៏បានអញ្ជើញក្រសួងទេសចរណ៍ចូលរួមព្រឹត្តិការណ៍អន្តរជាតិធំៗ ក្នុងក្របខណ្ឌទ្វេភាគី ក៏ ដូចជាក្របខណ្ឌមេគង្គ-កូរ៉េផងដែរ។

ឆ្លើយតបទៅនឹងសំណើរបស់កម្ពុជារដ្ឋាភិបាលសាធារណកូរ៉េនឹងពិចារណាជំរុញការរៀបចំឱ្យផ្ដល់បង្គន់អនាម័យសាធារណៈបន្ថែម ឆ្ពោះទៅការផ្សព្វផ្សាយភាពស្អាត និងអនាម័យ ព្រឹត្តិការណ៍ SEA Game នៅឆ្នាំ២០២៣ និងបន្តរៀបចំបន្ថែមតាមគោលដៅទេសចរណ៍ជាពិសេស ខេត្តភូមិភាគ ឦសាន។ ភាគីកូរ៉េនឹងជំរុញឱ្យមានការចូលរួមពីកីឡាករកូរ៉េ ក្នុងកម្មវិធីប្រណាំងទូកក្តោងនៅកម្ពុជា នាខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ទន្ទឹមនឹងនោះ ភាគីកូរ៉េក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិ ច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី នាឱកាសព្រឹត្តិការណ៍ទេសចរណ៍អាស៊ាន ២០២២ (ATF 2022)ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ ខាងមុខ។

តាមការអញ្ជើញរបស់កម្ពុជាភាគីកូរ៉េក៏នឹងជំរុញការចូលរួមក្នុងមហាសន្និបាតក្លឹបឆ្នេរស្អាតជាងគេក្នុងសាកលលោក និងកម្មវិធីបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ផងដែរ។

ស្ថានទូតសាធារណរដ្ឋកូរ៉េក៏នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាកិច្ចសហ ប្រតិបត្តការល្អៗជាមួយកម្ពុជាដល់ពលរដ្ឋកូរ៉េ តាមរយៈការចុះផ្សាយអត្ថបទជាដើម៕