(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា នាព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ នៅវិមាន សន្តិភាព គ្រាដែលលោក ស្រីមកបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ លោកស្រី ម៉ារីស ផែន រដ្ឋមន្ត្រីការបរទេស និងជា រដ្ឋមន្ត្រីកិច្ចការ នារីអូស្ត្រាលី បាន សម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ ផ្ទះកិច្ចប្រជុំ អាស៊ាន នៅឆ្នាំក្រោយ នេះ។ ទន្ទឹមនឹងនេះ លោកស្រី បានអះអាងថា អូស្រ្តាលីនឹងជួយ កម្ពុជាឱ្យទទួលបានជោគជ័យក្នុង នាមជាប្រធានអាស៊ាន។
ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខណ្ឌពហុភាគី លោកស្រី បានសម្តែងការអបអរសាទរ ចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ លោកស្រីសម្តែងនូវការពេញចិត្ត និងរីករាយខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ហើយលោកស្រី បានជម្រាប សម្តេចតេជោថា នឹងជួយកម្ពុជាឱ្យទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាននេះ។
លោកស្រីក៏បានសម្តែងនូវការរីករាយជាមួយកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា ទាំងក្រប ខណ្ឌទ្វេភាគី ពហុភាគី។ សម្រាប់ក្របខណ្ឌទ្វេភាគី លោកស្រី បានសម្តែងនូវការរីករាយចំពោះផ្លែ ផ្កាទទួលបានពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យយោធា វិស័យអប់រំ និងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានឯកភាពជាមួយការវាយតម្លៃរបស់លោកស្រី ចំពោះភាពល្អ ប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងក្របខណ្ឌអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អូស្ត្រាលីនឹងចូលរួមជាប្រទេស សមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីឈានឆ្ពោះទៅរកការតភ្ជាប់អាស៊ានឡើង វិញ បន្ទាប់ពីរងការកាត់ផ្តាច់ដោយសារជំងឺកូវីដ១៩។
អូស្រ្តាលី និងកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ ទំនាក់ទំនងពាណិជ្ជ កម្មរវាងអូស្រ្តាលី និងកម្ពុជា គឺមានការកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០២០ ទំនិញស្រដៀង គ្នាដែលត្រូវបានធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានទំហំសរុប ៤៣២.៤លានដុល្លារ ដែល ជាការកើនឡើង ២១.៦ភាគរយ ធៀបនឹងឆ្នាំ២០១៩។ រីឯទំនិញអូស្រ្តាលី ដែលនាំចូលមកកម្ពុជា ក្នុងឆ្នាំ២០២០ មានទំហំសរុប ១២១.៤លានដុល្លារ ដែលជាការកើនឡើង ៤៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ កាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនេះ ថ្នាក់ដឹក នាំអាស៊ានបានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយរវាងអាស៊ាន និងអូស្រ្តាលី និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះមានប្រសិទ្ធភាព។
ខណៈកម្ពុជាក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រការ លើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕