រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងថា ពិព័រណ៍ការងារអនឡាញ (៤-៥វិច្ឆិកា) រៀបចំឡើងដោយភាព បត់បែន ប្រទាក់ក្រឡា ដែលមានក្រុមហ៊ុនប្រមាណ ១០០ ចូលរួមតាំងបង្ហាញ និងបើកឱកាសការងារ ជាង ២ម៉ឺនកន្លែង


 (ភ្នំពេញ)៖ ការជ្រើសរើសកម្លាំងពលកម្ម និងបើកឱកាសការងារនៅក្នុងបរិបទគន្លងថ្មីនៃដំណើរការ ទីផ្សារការងារបានកំពុងបង្វែរទិសទៅរកជម្រើសថ្មីមួយ ដែលអាចរក្សាបាននូវសុវត្ថិភាព, កាត់បន្ថយ នូវហានិភ័យ, បំពេញតម្រូវការនៃសកម្មភាពធុរកិច្ច និងធានានូវសុខភាពរបស់អាជីវកម្ម និងកម្មករ និយោជិត។ ជាក់ស្តែង ពិព័រណ៍ការងារអនឡាញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបាន ប្រារព្ធឡើងចំពេលវេលាប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងនាមជាអន្តរការីនៃសេវាការងារ សម្តៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគី ពាក់ព័ន្ធទាំងអស់នៅក្នុងទីផ្សារការងារ ឱ្យបន្តទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់ សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។

នេះជាការលើកឡើងរបស់ បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ ២០២១» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានគេហទំព័រ www.careerfair.nea.gov.kh រយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពី ម៉ោង០៨៖០០ នាទីព្រឹក ដល់ម៉ោង ១៧៖០០ នាទីល្ងាច។

បណ្ឌិត អ៊ិត សំហេង អះអាងថា ពិព័រណ៍នេះ បានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាពស្របតាម តម្រូវការរបស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាសប្រកបដោយជវភាព និងភាពឆ្លើយតបទាន់ពេលវេលា សម្តៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្ម ដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិតបន្តថា ពិព័រណ៍ការងារអនឡាញឆ្នាំនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រុមហ៊ុន សហគ្រាសនាំមុខគេសំខាន់ៗរួមទាំងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ២ ម៉ឺនកន្លែង ដើម្បី ផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម។ ពិព័រណ៍នេះ បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នារវាង ក្រុមហ៊ុន និងអ្នកចូលទស្សនា ឬអ្នកដាក់ពាក្យស្នើសុំការងារបានពីគ្រប់ទីកន្លែង និងគ្រប់ប្រភេទមុខ តំណែង ដោយផ្តល់ឱកាសការងារនៅមួយកន្លែងងាយស្រួលនិងចំណេញពេលវេលា ព្រមទាំងការ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់ និង អនុសាស ន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបណ្តុះផ្នត់គំនិតយល់ដឹងពីការ បង្កើន និងរក្សាផលិតភាពនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩៕