(ក្លាសហ្គូវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា ប្រទេសប៉ូឡូញ, វៀតណាម, ស៊ីលី និងប្រទេសជាច្រើន ទៀតនឹងធ្វើការ សន្យានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្មបន្តិចម្ដងៗ នៅ ក្រោមកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឡើងនៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 នៅឯទីក្រុង ក្លាសហ្គូវ (Glasgow) ប្រទេសស្កុតលែន។ ការប្រកាសពីព័ត៌មានខាងលើធ្វើឡើងដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាម្ចាស់ផ្ទះរៀបចំ សន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26។ បើតាមរដ្ឋាភិបាល ចក្រភពអង់គ្លេស បណ្ដាប្រទេសជាហេត្ថលេខីនៃកិច្ចព្រមព្រៀង COP26 អាចនឹងធ្វើការប្ដេជ្ញាចិត្ត ក៏ដូចជាសន្យាថា បញ្ឈប់ការវិនិយោគលើគម្រោងសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីៗទាំងនៅក្នុងស្រុក និងនៅក្រៅ ប្រទេសហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងសន្យាផងដែរថាឈប់ប្រើប្រាស់ធ្យូងថ្មផលិតថាមពលបន្តិចម្ដងៗ នៅត្រឹមទសវត្សរឆ្នាំ២០៣០ សម្រាប់បណ្ដាប្រទេសអ្នកមាន និងត្រឹមឆ្នាំ២០៤០ សម្រាប់បណ្ដាប្រទេសក្រីក្រ៕