ទេសរដ្ឋមន្ត្រី គន់ គីម ចង់ឃើញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ តភ្ជាប់ជាមួយកិច្ចសហ ប្រតិបត្តិការអន្តរជាតិដទៃទៀត ដើម្បីលើកកម្ពស់សមត្ថភាពកាត់បន្ថយគ្រោះមហន្តរាយ


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ចង់ឃើញកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ តភ្ជាប់ជាមួយកិច្ចសហប្រតិ បត្តិការក្នុងតំបន់ និងអន្តរជាតិដទៃទៀត ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្នកាន់តែមានប្រសិទ្ធភាព។

កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ដែល ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ចង់ឱ្យមានការតភ្ជាប់ ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវនោះមានដូចជា៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lanchang-Mekong), កម្មវិធីការងារ (អាត់ម៊ែរ) ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើតបសង្រ្គោះបន្ទាន់, ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០១៥-២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ និងរបៀបវារៈឆ្នាំ២០៣០ ស្តីពីការ អភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះ ក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងគ្រប់គ្រង គ្រោះអាសន្ន។ វេទិកានេះ មានការអញ្ជើញចូលរួមដោយទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យ៉ុង ព្រមទាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងប្រធានស្ថាប័ន គ្រប់គ្រងគ្រោះមហន្តរាយ នៃប្រ ទេសចំនួន ១៩ប្រទេស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីតំណាង តំណាងពិសេសរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ, ការិយាល័យសហប្រជាជាតិ, អង្គការអន្តរជាតិ, អង្គការ ថ្នាក់តំបន់ និងអាស៊ាន ចំនួន ៩អង្គការ។

ក្នុងវេទិកាជជែកផ្តោតជាសំខាន់លើបញ្ហាគ្រោះមហន្តរាយ ដែលកំពុងគំរាមកំហែងពិភពលោកនា ពេលបច្ចុប្បន្ននេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចផងដែរថា ដៃគូពាក់ព័ន្ធគប្បីមាន យន្តការក្នុងស្រុករឹងមាំ ដើម្បីធានាភាពជាម្ចាស់ ក្នុងការរួមចំណែកប្រកបដោយប្រសិទ្ធិភាពដល់កិច្ច សហប្រតិបត្តិការនៅក្នុងតំបន់ និងសកលលោក ដោយឈរលើគោលការណ៍ សម្របសម្រួល ជា យុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយភាពសុខដុម និងបរិយា ប័ន្ន។

ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូស បញ្ជាក់ដែរថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេ ភាគី ដល់កម្រិតកំពូលមួយគឺ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឯកឧត្តម បន្តថា ក្រោម  «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កំពុងត្រូវបានពង្រីក យ៉ាងលឿនថែមទៀត លើវិស័យសំខាន់ៗមួយចំនួន រួមទាំងការកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយ និងការគ្រប់គ្រងគ្រោះអាសន្ន ដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេស របស់ខ្លួន។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម យ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិការទាំងឡាយ នៃ «គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ» ដើម្បី វឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និងសកលលោក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានអបអរសាទរ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ចិន ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រោះ អាសន្ន នៅខេត្តក្វាងស៊ី ដោយបានអនុម័តជាផ្លូវការ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រី អាស៊ាន ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយលើកទី៩។

ក្នុងវេទិកានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានគូសរំលេចពីបញ្ហាជំងឺកូវីដ១៩ ដែលត្រូវបាន គេចាត់ទុកជាគ្រោះមហន្តរាយរបស់ពិភពលោកនាពេលបច្ចុប្បន្នផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះ សុខភាពសាធារណៈ និងការជួយសង្រ្គោះអាយុជីវិតប្រជាជននោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏បានដាក់ចេញនូវវិធានការជាច្រើន រួមទាំងការយកចិន ជាបង្អែកប្រភព យុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង៕