(កង់បេរ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំប្រទេសអូស្ត្រាលី លោក ហ្សង់ ព្យែរ ថេបូល (Jean-Pierre Thebault) បាននិយាយថារដ្ឋាភិបាលអូស្ត្រាលីបានកុហកបោកប្រាស់ នៅពេលសម្រេច ចិត្តលុបចោលភ្លាមៗ នូវគម្រោងទិញនាវាមុជទឹកមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីក្រុងប៉ារីស ដើម្បីស្រវាយកនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក។
លោក ហ្សង់ ព្យែរ ថេបូល ធ្វើការកត់សម្គាល់បែបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅក្នុងទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលីនៅថ្ងៃពុធនេះ។ លោក ព្យែរ ថេបូល បាន លើកឡើងដូច្នេះ ថា «ច្បាស់វា ជាទង្វើបោកប្រាស់ដោយចេតនា… ដែលនេះមិនមែនជាទង្វើដែលត្រូវប្រព្រឹត្តដាក់សម្ព័ន្ធមិត្ត ដៃគូ និងប្រទេសជាមិត្តទាល់តែសោះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន, ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានចោទ ប្រកាន់ផងដែរថានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បាននិយាយ កុហកពាក់ព័ន្ធនឹង ការលុបចោលការទិញនាវាមុជទឹកពីបារាំង។ យ៉ាងណាក៏ដោយ, លោក ម៉ូរីសុន បានច្រានចោល ការចោទប្រកាន់នេះដោយពន្យល់ទៅកាន់លោកម៉ាក្រុង ថា «នាវាមុជទឹកធម្មតា» របស់បារាំងមិន អាចបំពេញតាមតម្រូវការផលប្រយោជន៍ដែលអូស្ត្រាលីត្រូវការនោះទេ។ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់លោកសម្រេចចិត្ត ជ្រើសយកនាវាមុជទឹកដើរដោយថាមពលនុយ ក្លេអ៊ែរពីសហរដ្ឋអាមេរិកនៅក្រោមសម្ព័ន្ធភាព AUKUS៕