ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំពលករខ្មែរមិនត្រូវធ្វើដំណើរទៅតំបន់មិនស្គាល់ភូមិសាស្រ្តច្បាស់ ដែលនាំឱ្យមានគ្រោះថ្នាក់ដោយសារគ្រាប់មីន


 (បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឱ្យបងប្អូនពលករ ខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូល ទៅ តំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាត ដែលអាចបណ្តាលឱ្យមានគ្រោះ ថ្នាក់ជាយថាហេតុណាមួយដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ការណែនាំបែបនេះ របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី បានចុះជួបសំណេះសំណាល ជាមួយពលករខ្មែរ មកពីប្រទេសថៃ តាមច្រក បឹងត្រួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមួយចំនួនទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ព្រមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចូលរួម ក្នុងពិធីតម្លើងផ្ទាំងប៉ាណូ ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានណែនាំឱ្យបងប្អូនពលករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ពីការឆ្លងជំងឺកូវីដ១៩ ត្រូវរក្សាអនាម័យជាប្រចាំ លាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ ម៉ាស់ទោះបីយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ»  តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ ក៏ដូចជាត្រូវតែទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ឱ្យបាននគ្រប់ៗគ្នា៕