ក្រសួង សង់រូបសំណាកសត្វដំរីពីដែករណាយន្តដែលរឹបអូសពីបទល្មើសក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ រូបសំណាកសត្វដំរីមួយក្បាល ត្រូវបានក្រសួងបរិស្ថានរៀបចំផ្គុំចេញពីបំណែកនៃរណាយន្តចំនួន ៣០០គ្រឿងដែលចាប់រឹបអូសបានពីបទល្មើសព្រៃឈើ ដោយចំណាយថវិកាប្រមាណ ១៧.៥០០ដុល្លារនិងគ្រោងដាក់តាំងបង្ហាញជាសាធារណក្នុងខេត្តមណ្ឌលគិរី នាពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។

ក្នុងសំណេរមួយរបស់លោក នេត្រ ភក្ត្រា បានបង្ហាញថា «ការសាងសង់រូបសំណាកនេះឡើង គឹចង់បង្ហាញប្រាប់ថា រណាយន្ត គឺជាមធ្យោបាយប្រព្រឹត្តិបទល្មើសកាប់រុករានដីព្រៃរបស់រដ្ឋ និងក្នុងន័យបញ្ឈប់នូវការប្រើប្រាស់រណាយន្ត ដែលនាំឱ្យមានការបំផ្លិញបំផ្លាញធនធានធម្មជាតិ ហើយងាកមកចាប់អារម្មណ៍សត្វដំរីដែក ១ក្បាលដែលធ្វើពីបំណែក រណាយន្តដែលរឹបអូសបានពីបទល្មើស និងចង់រំលឹកស្មារតីរបស់ប្រជាពលរដ្ឋឱ្យចូលរួមសកម្មភាពការពារ និងអភិរក្សហ្វូងសត្វដំរីរស់ក្នុងគោលដៅបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរី»។

គួររំលឹកថា ដំរីជាង ៥០០ក្បាល ត្រូវបានប៉ាន់ប្រមាណថា កំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដំរី ៣៧៥ក្បាលនៅខេត្តមណ្ឌលគិរី និងដំរីជិត ២០០ក្បាលទៀត នៅតំបន់ជួរភ្នំក្រវ៉ាញ។

សូមជម្រាបថា រូបសំណាកដំរីដែលសាងសង់ឡើងដោយក្រសួងបរិស្ថាននេះ មានកម្ពស់ ២,៨០ម៉ែត្រ បណ្ដោយប្រវែង ៣,១០ម៉ែត្រ និងទំហំខ្លួនចន្លោះពី ០,៩០ ទៅទំហំ ១ម៉ែត្រ ហើយត្រូវនាំយកទៅដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងឧទ្យានសែនមនោរម្យ ស្ថិតក្នុងខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខនេះ៕